ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--នៅបន្ទប់ប្រជុំខេត្ដរតនគិរីនៃទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាអនុប្រធានអចិន្រ្ដៃយ៍នៃគណៈកម្មការអន្ដរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចង្អៀត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន សមាជិក សមាជិកាក្រុមការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្ត្រីបានមានមតិសំណេះសំណាលស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលដ៏មានសារសំខាន់សម្រាប់ការពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នាពេលកន្លងមក។

មុននឹងឈានដល់កិច្ចពិភាក្សា ឯកឧត្ដមរដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីសាវតារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងដំណើរការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងខាងលើនេះ។

បន្ទាប់ពីបានស្ដាប់សេចក្តីរាយការណ៍រួចមក ឯកឧត្ដមរដ្ឋមន្រ្ដីបានធ្វើការកត់សម្គាល់ និងគូសបញ្ជាក់បន្ថែមនូវចំណុចសំខាន់ៗមួយចំនួនជូនអង្គប្រជុំ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំ និងតម្រង់ទិសដល់ក្រុមការងារ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការអនុវត្តបន្ត ដើម្បីជំរុញវឌ្ឍនភាពការងារ និងពន្លឿនការរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងខាងលើនេះ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





