អង្គការ CI រៀបចំវគ្គចែករំលែក ក្រោមប្រធានបទ "ការប្រើកម្មវិធីបច្ចេកទេសច្នៃប្រឌិត សម្រាប់អ្នកអភិរក្ស"
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការអភិរក្សអន្តរជាតិកម្ពុជា CI កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ បានរៀបចំវគ្គចែករំលែកមួយក្រោមប្រធានបទ «ការប្រើកម្មវិធីបច្ចេកទេសច្នៃប្រឌិតសម្រាប់អ្នកអភិរក្ស» ដល់ក្រុមការងារផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ។

វគ្គចែករំលែកនេះបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីរបៀបប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ជួយសម្រួល និងបង្កើនផលិតភាពក្នុងរចនាសម្ភារប្រាស្រ័យទាក់ទងនានាសម្រាប់ពង្រឹងការងារអភិរក្សឱ្យកាន់តែប្រសើរ រហ័សនិងប្រកបដោយភាពច្នៃប្រឌិត។ អ្នកចូលរួមបានស្វែងយល់ពីការប្រើប្រាស់កម្មវិធី Canva អនុវត្តផ្ទាល់លើរបៀបប្រើប្រាស់មុខងារមួយចំនួន របៀបបង្កើតបទបង្ហាញប្រកបដោយភាពច្នៃប្រឌិត និងរំលឹកឡើងវិញពីគោលការណ៍ក្នុងការប្រើប្រាស់ព័ត៌មានអំពីអត្តសញ្ញាណ (brand guideline) របស់ស្ថាប័នឱ្យបានត្រឹមត្រូវជាដើម។

វគ្គនេះជាវគ្គទីបួនហើយក្នុងឆ្នាំ២០២៥ ដែលធ្វើឡើងពីរសប្តាហ៍ម្តង ដើម្បីលើកកម្ពស់វប្បធម៌ពង្រីកចំណេះ និងពង្រឹងសមត្ថភាពដល់បុគ្គលិករបស់អង្គការ CI៕


ដោយ ណយ នឿន (ប្រភព៖ CI)





