ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ និងរបួស ៥នាក់នៅក្នុងទីក្រុងហេលម៉េន ប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមមន្ត្រីក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តហេលម៉េន ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
លោក ហាហ្វីហ្ស អាប់ឌុល បារី រ៉ាស៊ីដ (Hafiz Abdul Bari Rashid)ប្រធានផ្នែកព័ត៌មាន និងវប្បធម៌ខេត្ត បាននិយាយថា ទឹកជំនន់នាពេលថ្មីៗនេះបានបោកបក់ឆ្លងកាត់តំបន់ជាច្រើន រួមមានតំបន់ហ្គារ៉ាស់ តំបន់មូសាឆាឡា តំបន់ណាវហ្សាដ ស្រុកបាបាជី និងទីក្រុងឡាសការហ្គាហ៍ ដែលជារដ្ឋធានីនៃខេត្ត។
កាលពីថ្ងៃអង្គារ ឧប្បត្តិហេតុទាក់ទងនឹងភ្លៀងនៅក្នុងខេត្តកាន់ដាហារនិងខេត្តហ្វារ៉ាហ៍ ជាប់នឹងខេត្តហេលម៉េន បានសម្លាប់មនុស្ស ២៩នាក់ និងជាច្រើននាក់ទៀតរងរបួស។
ចាប់តាំងពីថ្ងៃច័ន្ទមក តំបន់ភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថានបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់។ នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះបានព្យាករណ៍ថានឹងមានព្រិលធ្លាក់ និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងខេត្តចំនួន ៣២ក្នុងចំណោមខេត្តចំនួន ៣៤ ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





