កូនផ្សោតកើតថ្មីទី៤ ប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផល និងអង្គការ WWF វេលាម៉ោង១០៖៣០នាទីរសៀល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះ អន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥។

កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងកសិកម្ម)





