វគ្គផ្សព្វផ្សាយស្តីពីជម្រើសថ្លៃចំណាយដើម្បីគ្របដណ្តប់ជាសកលការអប់រំកុមារតូចជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣
AKP កណ្ដាល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងក្នុងវគ្គផ្សព្វផ្សាយស្តីពីជម្រើសថ្លៃចំណាយដើម្បីគ្របដណ្តប់ជាសកលការអប់រំកុមារតូច ជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ដោយមានការគាំទ្រពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ទើបយើងមានវគ្គផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការសិក្សាជម្រើសថ្លៃចំណាយ ដើម្បីគ្របដណ្តប់ជាសកលការអប់រំកុមារតូច ឆ្នាំ២០៣០ និងទម្រង់ រៀបចំផែនការសម្របសម្រួលការពង្រីកសេវាអប់រំកុមារតូច ដល់រដ្ឋបាលរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល។ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍ កុមារតូចតាំងពីឆ្នាំ២០១០ ហើយចក្ខុវិស័យចម្បងនៃគោលនយោបាយនេះ គឺកុមារតូចទាំងអស់ ចាប់ពីការក៏កំណើតរហូតដល់អាយុក្រោម៦ឆ្នាំ ត្រូវទទួលបានសេវាគាំពារ និងអភិវឌ្ឍន៍ជា ពិសេសកុមារតូចរងគ្រោះ កុមារតូចងាយរងគ្រោះ និងក្រខ្សត់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអនុវត្តគោលនយោបាយជាតិនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមារតូច បានអនុម័តផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិង អភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៤-២០១៨ និង២០២២-២០២៦ ខណៈដែលឆ្នាំ២០១៩-២០២១ ជាដំណាក់កាលអន្តរការណ៍ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីការគ្រប់គ្រងមត្តេយសិក្សាសហគមន៍សម្រាប់ឃុំ-សង្កាត់ ដើម្បីជួយកុមារអាយុពី៣ ដល់៥ឆ្នាំ ឱ្យទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធម៌ និងបរិយាបន្ន សំដៅត្រៀមខ្លួនចូលរៀននៅបឋមសិក្សា និងជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់និងបោះបង់ការសិក្សានៅ កម្រិតបឋមសិក្សា។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានបន្ថែមថា ការអប់រំកុមារតូចនឹងចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលជាបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១។ សូចនាករនេះក៏ជាសូចនាករមួយនៅក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ ដែលគ្រោងនឹងសម្រេចឱ្យបានការគ្របដណ្តប់សិស្ស ថ្នាក់ទី១ ដែលបានឆ្លងកាត់កម្មវិធីអប់រំកុមារតូចគ្រប់រូបភាព រហូតដល់៨២,៨ភាគរយ និងអត្រារួមនៃការសិក្សានៅមត្តេយ្យសិក្សារហូតដល់ ៥១,៨ភាគរយ សម្រាប់ការអប់រំកុមារតូច គ្របដណ្តប់ដោយសេវាអប់រំមាន ៣ប្រភេទ គឺ៖ ទី១. មត្តេយ្យសិក្សាសាធារណៈ ទី២. មត្តេយ្យសិក្សាឯកជន ទី៣. មត្តេយ្យសិក្សាសហគមន៍៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





