ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ទទួលជួបជាមួយមេបញ្ជាការរងកងទ័ពជើងគោក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា ដោយបានហៅទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកនៅកម្ពុជានាពេលនេះថាជាការពង្រឹងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរឡើងវិញថែមទៀតផង។

ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក នាពេលកន្លងមក និងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ផលមកឱ្យកម្ពុជានៅក្នុងវិស័យយោធាតាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ក្នុងនោះភាគីអាមេរិកបានផ្តល់មកឱ្យខាងកងទ័ពកម្ពុជារួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជាពិសេសជំនួយសម្រាប់ការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់កងកម្លាំងកម្ពុជា ដោយមានទាំងវគ្គបំប៉នក្នុងប្រទេស និងវគ្គបំប៉នក្រៅប្រទេសផងដែរ។
តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសំណូមពរដល់ភាគីអាមេរិកឱ្យផ្តល់ការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់យោធិននារីរក្សាសន្តិភាពកម្ពុជាទាំងជំនាញ និងភាសាអង់គ្លេសរយៈពេល២ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អង្គការសហប្រជាជាតិ បន្តផ្តល់ការគាំទ្រដល់កម្លាំងមួកខៀវកម្ពុជាទៅសិក្សាបន្ថែមនៅតាមបណ្តាប្រទេសដែលជាសមាជិកកម្មវិធី GP ពិសេសនៅសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាព និងការយល់ដឹងផ្នែករក្សាសន្តិភាព ផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាលើជំនាញបោសសម្អាតមីន និងកម្ទេចគ្រឿងផ្ទុះឱ្យមានអាជ្ញាប័ណ្ណទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដើម្បីមានលទ្ធភាពផ្តល់ការហ្វឹកហ្វឺនដល់កម្លាំងកម្ពុជាប្ដូរវេន និងសិក្ខាកាមអន្តរជាតិដែលមកសិក្សានៅកម្ពុជាលើជំនាញខាងលើសម្រាប់ប្រតិបត្តិការសន្តិភាព និងសូមជួយជួសជុលកែលម្អអគារសិក្សា អគារស្នាក់នៅ ផ្ទះបាយ ដែលមានសភាពចាស់ទ្រុឌទ្រោម រួមទាំងការសាងសាង់ពេទ្យកម្រិត១ផងដែរ ជាពិសេសូមជួសជុសគ្រប់អគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលជាង១០ឆ្នាំមកហើយ សូមជួយសាងសង់ទីតាំងបាញ់គ្រាប់ពិតថ្មី១កន្លែងបន្ថែមទៀតដែលអាចបាញ់បានចម្ងាយ២០០ម៉ែត្រ ដោយទីតាំងចាស់ជំនួយរបស់អាមេរិកអាចបាញ់បានចំងាយតែ២៥ម៉ែត្រប៉ុណ្ណោះ និងសូមអាមេរិកបន្តផ្តល់ជំនួយក្នុងការហ្វឹកហ្វឺនផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្នែកមនុស្សធម៌មានផ្នែកបោសសម្អាតមីន ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Scott A. Winter ថានឹងយកសំណើទាំងនេះទៅដាក់ជូនក្រសួងការពារជាតិអាមេរិកពិនិត្យ និងសម្រេច ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក នាពេលកន្លងមកផងដែរ៕

ដោយ៖ ចាន់ សុភឿន





