ឯកឧត្តម អ៊ុន ចាន់ដា អនុញ្ញាតឱ្យម្ចាស់ជំនួយគម្រោងកុមារកម្ពុជារីករាយ (HCC) ជួបពិភាក្សាការងារ
AKP កំពង់ចាម ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥-- នៅសាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យលោក ហាតមុត គីសេកេ និងលោកស្រី អាយូកូ គីសេកេ ជាម្ចាស់ជំនួយនៃគម្រោងកុមារកម្ពុជារីករាយ (HCC) ដែលប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើងចូលជួប ពិភាក្សាការងារ។

ក្នុងជំនួបនោះ លោក ហាតមុត គីសេកេ ប្រធានមូលនិធិគីនចាន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានបញ្ជាក់អំពីការងារ ថា គម្រោងកុមារកម្ពុជារីករាយមានលក្ខណៈពិសេសខុសពីគម្រោងដទៃ ដោយសារតែការអនុវត្តគម្រោងនេះមានគោលដៅ និងបេសកម្មក្នុងការចូលរួមលើកកម្ពស់ផ្នែកចំណេះដឹងគឺចង់ឃើញកុមារកម្ពុជាចេះអាន សរសេរ និងគណនាលេខបានគ្រប់គ្នាៗនៅកម្រិតបឋមសិក្សហើយមិនមានរយៈពេលក្នុងការបញ្ចប់គម្រោងឡើយ។ បច្ចុប្បន្នគម្រោងនេះកំពុងអនុវត្តសកម្មភាពក្នុងសាលារៀនគោលចំនួន៧០ ក្នុងខេត្តចំនួន៨ និងគ្រោងពង្រីកសាលារៀនគោលដៅរហូតដល់១០០ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ក្នុងខេត្តកំពង់ចាមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងការសាទរ គាំទ្រទៅនឹងគម្រោងកុមារកម្ពុជារីករាយ (HCC) ដែលប្រតិបត្តិដោយអង្គការ ខេប និងសមាគមគ្រួសារយើងអាជ្ញធរខេត្តនិងសហការយ៉ាងរីករាយជាមួយអង្គការដៃគូដែលបានជួយដល់ការអភិវឌ្ឍសាលារៀនក្នុងខេត្តឱ្យមានការរីកចម្រើន ដែលគម្រោងពង្រីកសាលារៀនគោលបន្ថែមក្នុងខេត្តកំពង់ចាម ជាពិសេសនៅតំបន់ដាច់ស្រយោលដែលជាផ្នែកនៃការចូលរួមលើកកម្ពស់សេវាអប់រំឱ្យកាន់តែល្អប្រសើរឡើងនៅតាមសាលារៀនគោលដៅ៕



ដោយ ឆាយ ម៉ុត





