លោកជំទាវ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


នៅក្នុងកិច្ចជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានរំលេចពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ទាំងរូបី និងអរូបី រវាងកម្ពុជា ឥណ្ឌានាពេលកន្លងមក។
នាពេលអនាគតភាគីទាំងពីរ កម្ពុជា និងឥណ្ឌា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ឱ្យកាន់តែច្រើនបន្ថែមទៀត៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





