រដ្ឋបាលខេត្តកំពង់ស្ពឺទទួលស្វាគមន៍ប្រធានគណៈកម្មការទី ៩ នៃរដ្ឋសភា
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥--គណៈកម្មការសាធារណៈការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋាន បានជម្រាបជូនកិច្ចប្រជុំខេត្តកំពង់ស្ពឺនាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណង ឈ្វេងយល់ពីកិច្ចការមួយចំនួនពីលទ្ធផលការងារសំខាន់ៗរបស់ រដ្ឋបាលខេត្ត ដែលសម្រេចបានប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ តើការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និង មានបញ្ហាប្រឈមអ្វីខ្លះ?

ឯកឧត្តម អ៊ុ សារឹទ្ធ បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជា ការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណង សំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈម នានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាង ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានជម្រាបគណៈកម្មការទី៩ នៃ រដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេស គឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យ ទទួលខុសត្រូវរបស់គណៈកម្មការ និងវិធានការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង។

ឯកឧត្តម អ៊ុ សារឹទ្ធ ក៏បានធ្វើការកោតសរសើរ ពីការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យ កាន់តែមានសោភ័ណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតណាស់ ខេត្តកំពង់ស្ពឺជាខេត្តមួយមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ពិសេសបានសម្តែងនូវការពេញចិត្តជាខ្លាំងនៅវិធានការទាំង៤ចំណុច របស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង ស្របទៅតាមវិធានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ក្នុងនាមឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និងអនុសាស ន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិ យកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អ៊ុ សារឹទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបាន សហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយក អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់ បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវ សមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។
ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលខេត្តបាន លើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ ទៅក្រសួងពាក់ព័ន្ធ៕
ដោយ៖ គង់ សិរីរ័ត្ន,ប្រភព៖ AKP-កំពង់ស្ពឺ





