ឯកឧត្តម អ៊ុន ចាន់ដា៖ កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ
AKP កំពង់ចាម ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិធម្មរង្សី (វត្តទួលឡូវ) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយក្នុងសង្គមជាតិជាមូលដ្ឋានគ្រឹះនៃការរស់នៅ ដោយភាពសុខដុមរមនារបស់ប្រជាជនដោយគ្មានការភ័យខ្លាច និងមានឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនៅឱ្យបានគង់វង្សតរៀងទៅសម្រាប់អនាគតកូនចៅរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កត្តាសុខសន្តិភាពនេះគឺបានធ្វើឱ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ បងប្អូនប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសេចក្តីសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឱ្យកាន់តែប្រសើរឡើងផងដែរ។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បើគ្មានសុខសន្តិភាពពេញលេញទេ យើងក៏មិនអាចមានឱកាសកសាងនូវសមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ។ សមិទ្ធផលទាំងនេះកើតចេញពីសទ្ធា ការគោរព និងការឱ្យតម្លៃវិស័យព្រះពុទ្ធសាសនា ជាពិសេសគឺបានជួយជ្រោមជ្រែងឱ្យវិស័យព្រះពុទ្ធសាសនាយើងនេះមានការរីកចម្រើន និងការអភិវឌ្ឍ ស្របតាមវិស័យអាណាចក្រដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ទាំងនេះគឺផ្តើមចេញមកពីប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕
ដោយ ឆាយ ម៉ុត





