អង្គការ Oxfam ផ្សព្វផ្សាយរបាយការណ៍សាកល្បងអំពីការថែទាំ និងការងារផ្ទះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការអុកស្វាម Oxfam នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ បានផ្សព្វផ្សាយពីការរកឃើញសំខាន់ៗនៃរបាយការណ៍សាកល្បងអំពីការថែទាំ និងការងារផ្ទះ ក្នុងប្រទេសកម្ពុជា។

ការរកឃើញសំខាន់ៗរួមមានពេលវេលាដែលស្ត្រីចំណាយ ពោលគឺជាជាមធ្យម ៥ ម៉ោង និង២ នាទីលើការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃជារៀងរាល់ថ្ងៃ ផ្ទុយទៅនឹងបុរសដែលចំណាយត្រឹមតែ២ម៉ោង និង៦នាទី ដែលនេះបង្ហាញពីភាពខុសគ្នារវាងយេនឌ័រចាប់ផ្តើមពីផ្ទះ។ របាយការណ៍អំពីការងារថែទាំ និងការងារផ្ទះ នេះបានពាំនាំមកនូវទិន្នន័យ និងព័ត៌មានជាច្រើន ដែលអាចជួយភាគីពាក់ព័ន្ធឱ្យយល់កាន់តែច្បាស់អំពីគំរូនៃការប្រើប្រាស់ពេលវេលាទាំងយេនឌ័រ អាយុ កម្រិតប្រាក់ចំណូល និងទីតាំងភូមិសាស្ត្រ ។


របាយការណ៍នេះគឺដើម្បីកំណត់កត្តាសក្តានុពល ដែលមានឥទ្ធិពលលើការចែកចាយតួនាទីនៅក្នុងគ្រួសារ និងដើម្បីបង្កើតគំនិតផ្តួចផ្តើមកម្មវិធី ឬគោលនយោបាយដែលផ្លាស់ប្តូរយេនឌ័រ និងដោះស្រាយបុព្វហេតុឫសគល់នៃវិសមភាពយេនឌ័រ នៅក្នុងការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ៕
ដោយ ណយ នឿន (ប្រភព៖ Oxfam)





