ក្បាលដីចំនួន ២ ៩១១បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងនោះភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកំពង់សោម ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅបរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ មានចំនួន ២,៩១១ក្បាលដី ក្នុងនោះ ភូមិគគីរមានចំនួន ១,០៦៦ ក្បាលដី ភូមិចំណោតរាមមានចំនួន ៥២២ក្បាលដី និងភូមិពូធឿងមានចំនួន ១,៣២៣ក្បាលដី។ ក្នុងចំណោម ២,៩១១ ក្បាលដី គឺមាន៣ប្រភេទរួមមាន ១- ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យ គឺអាចយកមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋបាននាពេលនេះមានចំនួន៧០២បណ្ណ។ ២- ក្បាលដីដែលទទួលបានអំណោយពីជីដូនជីតា ឬឪពុកម្តាយចែកឱ្យ តម្រូវបញ្ជូនទៅសាខាពន្ធដារខេត្តប្រថាប់ត្រាស្នើសូន្យជាមុនសិន ការចែកជូនបងប្អូនប្រជាពលរដ្ឋមានចំនួន៩៥៩បណ្ណ។ ៣- ក្បាលដីទិញ-លក់បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដ.ន.ស.ស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិនមានចំនួន១,២៥០បណ្ណ។ បណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាម្នាក់់មកដកហូត ឬរំលោភយកបានឡើយ។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដី តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអបអរសាទរពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅសង្កាត់បិតត្រាំង ហើយរដ្ឋបាលខេត្តចង់ឃើញពុក ម៉ែ បងប្អូនមានសេចក្តីសុខទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់គ្រប់គ្នា។ ការទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ ត្រូវថែរក្សាទុកដាក់ឱ្យបានល្អ ព្រោះបណ្ណនេះទៀតសោតមិនត្រូវយកទៅលក់ដូរនោះទេ ក៏ប៉ុន្តែការដោះដូរយកទៅប្រកបមុខរបរពង្រីកអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ត្រូវគិតគូពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពរីករាយក្នុងក្រុមគ្រួសារ។ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងទទួលបាននូវសេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមក្សាន្ត ក្រោមម្លប់នៃសន្តិភាព។ ការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជួយកាត់បន្ថយនូវទំនាស់ដីធ្លីដែលមន្ត្រីសុរិយោដីបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងភូមិទាំង៣ ក្នុងសង្កាត់បិតត្រាំង គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដោយផ្តោសំខាន់លើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឪ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ហើយវិស័យដីធ្លីសម្តេចធិបតី បានធ្វើការណែនាំដល់រាជធានី ខេត្ត ជំរុញចេញបណ្ណជូនបងប្អូនប្រជាពលរដ្ឋមានសិទ្ធក្នុងការគ្រប់គ្រងដីធ្លីក្នុងការអភិវឌ្ឍឱ្យមានការរីកចម្រើន។

ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លីនេះ និងជំរុញដំណើរការចែកបណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីឱ្យបានលឿន និងមានប្រសិទ្ធភាព៕
ដោយ ងូ សុមុនី





