សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឱ្យវិស័យឯកជនបង្កើនការវិនិយោគបន្ថែមលើមុខជំនួញខ្លួន ដើម្បីកំណើនសេដ្ឋកិច្ចជាតិកាន់តែរីកធំ និងរីកចម្រើនខ្លាំងនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានគាំទ្រ និងបានជំរុញឱ្យវិស័យឯកជនបង្កើនការវិនិយោគបន្ថែមលើមុខជំនួញខ្លួន ដើម្បីកំណើនសេដ្ឋកិច្ចជាតិកាន់តែរីកធំ និងរីកចម្រើនខ្លាំងនៅកម្ពុជានាពេលអនាគត ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគាំទ្រ និងជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពកាត់ខ្សែបូសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY របស់លោកស្រី លាង ធារ៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១៦-១១៨ ផ្លូវ Claster បុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ និងសសើរចំពោះលោកស្រីលាងធារ៉ា និងឧកញ៉ា ឌី ជោត ដែលបានខិតខំពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួនបានយ៉ាងលឿនចូលក្នុងវិស័យជំនួញជាមួយសង្គមជាតិ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គម និងការងារមនុស្ស ធម៌ផងដែរ។ វិស័យឯកជនបានចូលរួមចំណែកកសាងអភិវឌ្ឍសង្គមជាតិនេះក៏ដោយសារប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសកម្មភាពរបស់លោកស្រី និងឧកញ៉ា ដែលជាអ្នកបម្រើក្នុងវិស័យឯកជន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរីកចម្រើនកាន់ខ្លាំងនាថ្ងៃអនាគត។

លោកស្រី លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ជាស្ត្រីដែលឆ្លាត ហើយពូកែ និងមានអ្នកគាំទ្រច្រើនលើជំនួញរបស់លោកស្រី តាមរយៈបណ្ដាញសង្គម។ លោកស្រីក៏បានអភិវឌ្ឍខ្លួនពីស្រ្តីមេផ្ទះម្នាក់ មកជាអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា៖ ហាងលក់កាបូប និងសម្លៀកបំពាក់នារី T&L Fashion ផលិតផលថែរក្សាសម្ផស្សម៉ាកយីហោខ្មែរ ធីអែនអិលនែតឈើរ៉ល T&L Natural ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា មជ្ឍមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ដែលមានអតិថិជនជាច្រើន កំពុងគាំទ្រ និងបានទទួលសេវាកម្មរហស័ទាន់ចិត្ដជូនអតិថិជនផង៕
ដោយ សួស សំរិត





