អភិបាលខេត្តស្វាយរៀងដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចយកទៅអនុវត្ត
AKP ស្វាយរៀង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចយកទៅអនុវត្ត ដោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ទៅលើការការពារសន្តិសុខសណ្តាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើជូនប្រជាពលរដ្ឋ។

អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាននៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាត និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ដោយមិនត្រូវលើកលែងឡើយ។

ទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ មន្ទីរការងារ រួមទាំងរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្ត ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





