ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញបើកការដ្ឋានសាងសង់ស្ពាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ចំនួន ១កន្លែង ប្រវែង ៧៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយដីក្រួស ចំនួន១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ស្ថិតនៅភូមិជាំស្រែ និងភូមិយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។


ពិធីបើកការដ្ឋានទទួលបានការចូលរួមពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងស្ពាន។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមមេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារសាងសង់ផ្លូវ និងស្ពាន ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





