ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវតាមដាន និងយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺឆ្លង ដែលអាចនឹងមានកើតជាយថាហេតុណាមួយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវតាមដាន និងយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺឆ្លង ដែលអាចនឹងមានកើតជាយថាហេតុណាមួយ ក្នុងករណីដែលមិនមានការវាយតម្លៃ និងទប់ស្កាត់បានទាន់ពេលវេលា។ ក្នុងនោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ត្រូវពិនិត្យដាន វាយតម្លៃសភាពការ និងស្រាវជ្រាវពីភាពច្បាស់លាស់នៃជំងឺឆ្លងផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសរំលេចអំពីបញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ លើប្រភេទជំងឺទាំងអស់នេះ ដែលជាប្រភេទជំងឺវិវត្តន៍ទៅថ្ងៃខាងមុខ ដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បង្កើនការបណ្តុះបណ្តាល និងបង្កើនការផលិតសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ផ្លាស់ប្តូរទម្លាប់នៃការរស់នៅ របបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ។


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំអំពីការរៀបចំទម្រង់ឯកសារ លិខិតស្នាម របាយការណ៍ ជំនួយស្មារតី និងការវាយតម្លៃសភាពការណ៍ផ្សេងៗ ក្នុងនាមអ្នកដឹកនាំ ដែលត្រូវដឹងអំពីការរៀបចំ និងការសរសេរឱ្យចំគោលដៅនៃទិសដៅការងារ ដើម្បីក្លាយជាឯកសារដែលមានទាំងសារគន្លឹះ ជាមួយចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ ដើម្បីជួយជំរុញក្នុងការសម្រេចចិត្ត ក្នុងនាមអង្គភាព ស្ថាប័ន ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ត្រូវអនុវត្តតាមអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់បណ្ណមូលនិធិសមធម៌ បណ្ណប.ស.ស ប័ណ្ណងាយរងហានិភ័យ ដោយធានាបានថា កុំឱ្យមានការរើសអើស ត្រូវគិតថាប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែទទួលបានការព្យាបាលដូចគ្នា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





