លោកជំទាវ ម៉ែននារីសោភ័គ អញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅសង្កាត់ផ្ទះព្រៃ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន២៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ (១០កំប៉ុង) ទឹកស៊ីអ៊ីវ១យួរ ឃីត (ក្រមា សារុង មុង ភួយ) ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ។

បន្ទាប់ពីចុះជួបបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរួចមក លោកជំទាវអគ្គលេខាធិការរងទី១ និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យមើលពីជីវភាពនិងការប្រកបរបរដាំដុះបន្លែរបស់បងប្អូនប្រជាពលរដ្ឋដែលបានចងក្រងជាសហគមន៍នៅតាមគេហដ្ឋានក្នុងការដាំបន្លែដែលមានបច្ចេកទេសត្រឹមត្រូវ ស្ថិតនៅសួនបន្លែសហគមភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ។


ជាក់ស្តែងក្រោយពីបានចុះពិនិត្យផ្ទាល់ពីស្ថានភាពរស់នៅរបស់សហគមន៍ខាងលើ លោកជំទាវអគ្គលេខាធិការរងទី១ បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ពិតជាមានសារៈសំខាន់ខ្លាំង អាចឱ្យយើងបានដឹងថាប្រជាពលរដ្ឋទាំងអស់មិនមែនជួបការលំបាកទាំងអស់គ្នានោះទេ ប្រសិនបើគាត់អាចចងក្រងជាសហគមន៍និងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសត្រឹមត្រូវ សង្កេតឃើញថាគ្រួសាររបស់ពួកគាត់មានជីវភាពល្អប្រសើរ។ ទន្ទឹមនឹងនេះបញ្ហាប្រឈមដែលបងប្អូនជួបប្រទះគឺបញ្ហាទឹក ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាទឹកដើម្បីជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបានផ្តួចផ្តើមកសាងសហគមន៍កសិកម្មទំនើប និងបានចាត់មន្ត្រីកសិកម្មឃុំចុះជួយប្រជាពលរដ្ឋទៅដល់សហគមន៍ផងដែរ៕


ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





