វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ដល់មន្ត្រីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហៀម យួន អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លោក Arnaud Raulin អ្នកសម្របសម្រួលការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយថ្នាក់តំបន់នៃសហព័ន្ធអន្តរជាតិ តំបន់អាស៊ីប៉ាស៊ីហ្វិក (IRFC/APRO) កញ្ញា Apinya Khumchart (Nan) តំណាងសហព័ន្ធអន្តរជាតិប្រចាំទីក្រុងបាងកក លោកនាយក នាយិការងសាខា លោក លោកស្រី មន្ត្រីទីស្នាក់ការកណ្តាល និងសាខាសរុប ៣៨នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោកជំទាវអគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តាំផ្ញើសួរសុខទុក្ខបងប្អូនទាំងអស់ដែលជាប្រតិបត្តិករជួរមុខដោយក្តីនឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលបានខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាតាមបាវចនា សកម្មភាពនៅមូលដ្ឋាន សម្រេចគោលដៅសកល”។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីកាកបាទក្រហមកម្ពុជា នៅក្នុងការងារប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព (តាមបែបចូលរួម) និងប្រព័ន្ធប្រកាសឱ្យដឹងមុនរបស់សហគមន៍ ព្រមទាំងអាចយកចំណេះដឹងទាំងនេះ ទៅបណ្តុះបណ្តាលបន្តជូនមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ហើយថែមទាំងអាចធ្វើការប៉ាន់ប្រមាណ ការកសាងផែនការភាពធន់ និងដែលអាចអនុវត្តបាន។

ទន្ទឹមនឹងនេះលោកជំទាវបានឱ្យដឹងថា ដោយសារការផ្លាស់ប្តូរបរិបទនៃបរិយាកាសខាងក្រៅ (ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការប្រែប្រួលរយៈពេលវែង ការរីកចម្រើនផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស ការសឹករិចរិលបរិស្ថាន/ធម្មជាតិ។ល។) ដែលចាំបាច់ខ្លាំងសម្រាប់ពង្រឹងភាពធន់ ការយល់កាន់តែច្បាស់អំពីហានិភ័យដែលសហគមន៍កំពុងប្រឈម ក៏ដូចជាវិមាត្រសំខាន់ៗ ដែលអាចធ្វើ ឱ្យសហគមន៍មានភាពធន់ ដែលចាំបាច់ត្រូវមានអ្នកដែលចេះសម្របសម្រួលក្នុងការប៉ាន់ ប្រមាណ និងមានជំនាញធ្វើការប៉ាន់ប្រមាណ។

ជាមួយគ្នានេះដែរ ក្នុងនាមកាកបាទក្រហមកម្ពុជា លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចូលរួមសហការ និងផ្តល់សាលប្រជុំរបស់សាខាសម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលរយៈពេលនេះ និងថ្លែងអំណរគុណដល់សហព័ន្ធអន្តរជាតិ ដែលបានជួយឧបត្ថម្ភថវិកា និងអ្នកសម្របសម្រួលវគ្គមកពី IFRC Country cluster ទីក្រុងបាងកក និង IFRC/APRO ដែលឆ្លៀតពេលដ៏មានតម្លៃនាពេលនេះ៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





