ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជំនួបសម្តែងការគួរសមជាមួយនាយកក្រុមហ៊ុនប្រចាំតំបន់ MAERSK (Cambodia) Ltd.
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក រ៉ូតហ្គើ ហេស្ទីក Rutger Heijsteeg នាយកក្រុមហ៊ុនប្រចាំតំបន់ MAERSK (Cambodia) Ltd. នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ប្រតិភូក្រុមហ៊ុន MAERSK ប្រចាំតំបន់ និងជម្រាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចែកជា៣ក្រុង ៣ស្រុក ២៩ឃុំ សង្កាត់ ស្មើនឹង១១១ភូមិ ខេត្តព្រះសីហនុជាខេត្តស្នូលនៃតំបន់ឆ្នេរទាំង៤នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសក្តានុពលលើវិស័យទេសចរណ៍ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ និងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានផ្លូវទឹក គោក និងអាកាស។ ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ វែងជាងនៅរាជធានីភ្នំពេញ ជាច្រកចេញចូលសំខាន់មួយរបស់កម្ពុជា ផ្លូវទឹក មានកំពង់ផែចំនួន៣ ក្នុងនោះ កំពង់ផែម៉ុងឫទ្ធី កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍជា៣តំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ មានជម្រៅទឹក១៤,៥០ម៉ែត្រ ដល់ ១៧,៥០ម៉ែត្រ គោលនយោបាយរបស់រាជរដ្ឋាភិបាលរៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៣តំបន់ តំបន់ Logistic ដឹកជញ្ជូន តំបន់ទីក្រុងសមាហរណ្មកម្ម តំបន់លំនៅឋាន និងពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ (តំបន់កោះ) ក្រៅពីនោះក៏មានតំបន់កសិកម្ម និងឧស្សាហកម្មផងដែរ។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤-២០២៥ សង្ឃឹមថា យើងនឹងមានដំណើការកាន់តែល្អបន្ថែមទៀត ស្របពេលដែលព្រែកជីកហ្វូណនតេជោ ធ្វើការអភិវឌ្ឍ មានទំនាក់ទំនងក្នុងការ ដឹកជញ្ជូនរបស់កំពង់ផែទៅកាន់តំបន់ទន្លេមេគង់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសង្គម។ កម្ពុជាមានសក្តានុពលក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងជំរុញឱ្យខេត្តព្រះសីហនុ ជាតំបន់ ដឹកជញ្ជូនទៅកាន់ពិភពលោក។ ទន្ទឹមនោះយើងក៏គិតគូរស្របពេលដែលកំពង់ផែបញ្ចប់គម្រោងអភិវឌ្ឍជាបីដំណាក់កាលរួច មកយើងត្រូវគិតគូរពីការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក។


ជាមួយគ្នានេះដែរ លោក រ៉ូតហ្គើ ហេស្ទីក Rutger Heijsteeg នាយកក្រុមហ៊ុនប្រចាំតំបន់បានថ្លែងអំណរ គុណរដ្ឋបាលខេត្តដែលឱ្យប្រតិភូរបស់លោកចូលជួបពិភាក្សា ក្រុមហ៊ុនមានឆន្ទៈវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងកោតសរសើរខេត្តព្រះសីហនុទទួលបានសមិទ្ធផលនានា។ ទន្ទឹមនឹងសមិទ្ធផលកំពង់ផែទទួលបានកុងតឺនរ័ ១លានTEU ក្រុមហ៊ុន MAERSK មានទំនាក់ទំនងទៅនឹងការអភិវឌ្ឍ និងការវិនិយោគថ្មីៗលើកំពង់ផែក្រុងព្រះសីហនុ ក្នុងការ ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងសម្លៀកបំពាក់ ស្បែកជើងទៅកាន់សហភាពអ៉ឺរ៉ុប និងអាមេរិក។ ក្រុមហ៊ុន Maersk ចាប់ផ្តើមធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៩២ ស្របនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រុមហ៊ុន Maersk គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ និងមានខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសកល ជាមួយនឹងប្រតិបត្តិការរបស់ខ្លួននៅបណ្តាប្រទេសជាង១៣០ មានបុគ្គលិកជាង ១០០,០០០នាក់ នៅទូទាំងពិភពលោក ក្រុមហ៊ុនបានដាក់ពង្រាយនាវាជាង ៧២៥គ្រឿង។ ជាមួយនេះ មានឡានដឹកទំនិញ និងឃ្លាំងរបស់ក្រុមហ៊ុន ដើម្បីធានាថា ទំនិញសម្លៀកបំពាក់ ស្បែកជើង អាចដឹកជញ្ជូនបានទាន់ពេលវេលាទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងបន្តពីក្រុងព្រះសីហនុ តាមរយៈនាវារបស់ក្រុមហ៊ុនដឹកជញ្ជូនទៅកាន់ពិភពលោក។

ក្រុមហ៊ុន Maersk គឺជាក្រុមហ៊ុនអាជីវកម្ម ឬជាអ្នកប្រើប្រាស់ដ៏ធំបំផុតមួយរបស់កំពង់ផែក្រុងព្រះសីហនុ សម្រាប់ការផ្ទុកទំនិញកុង តឺន័រ ក្រុមហ៊ុនបាននាំចូលកុងតឺន័រចំនួន 114.000TEU និងបាននាំចេញចំនួន 74.000 TEU ក្នុងឆ្នាំ២០២៤ រួមចំណែកដល់ចំនួនកំណត់ត្រានៃការដឹកជញ្ជូន TEU នៅខេត្តព្រះសីហនុកាលពីឆ្នាំមុន។ ក្រុមហ៊ុន Maersk កំពុងបម្រើការដឹកជញ្ជូនសម្រាប់ម៉ាកយីហោល្បីៗមានដូចជា Puma, Nike, Walmart, Adidas, H&M ជាដើម។ ទន្ទឹមនោះ ក្រុមហ៊ុនមានបំណង និងចំណាប់អារម្មណ៍ច្បាស់លាស់ក្នុងការពង្រីកការដឹកជញ្ជូនជាមួយ នឹងកំណត់ត្រាដ៏ល្អរបស់យើងសម្រាប់ការអភិវឌ្ឍន៍ និងប្រតិបត្តិការនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
ដោយ ងូ សុមុនី





