រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គ.ខ.ប.ជ
AKP កណ្ដាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សខេត្តកណ្តាល (គ.ខ.ប.ជ) ក្រោមអធិបតីលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្តអាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំ លោកស្រី ស្រ៊ុន ស្រីនាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាប ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានយ៉ាងមានប្រសិទ្ធភាព។ គ.ខ.ប.ជ ក៏ដូចជាលេខាធិការដ្ឋាន សូមបន្តខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។

ទន្ទឹមនឹងនេះ លោកស្រីអភិបាលរងខេត្តបានណែនាំដល់ក្រុងស្រុក ត្រូវក្តាប់ឱ្យបាននូវពលករចំណាកស្រុក ពលករត្រឡប់ចូលស្រុកវិញ ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបានស្នើដល់អង្គប្រជុំទាំងមូលត្រូវធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ជាធាតុចូលទៅលើរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងរបាយការណ៍តាមបណ្ដាក្រុង ស្រុក ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ខេត្ត ដើម្បីធានាថាមានភាពច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក ស្ដីអំពីការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស លោកស្រីអភិបាលរងក៏បានស្នើដល់ក្រុមការងារទាំងអស់ត្រូវរៀបចំខ្លឹមសារនៃការអប់រំឱ្យមានភាពសាមញ្ញ ស្រង់យកតែចំណុចសំខាន់ៗងាយស្រួលយល់សម្រាប់ប្រជាពលរដ្ឋ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានច្រើនដងក្នុងមូលដ្ឋាននីមួយៗ ចំពោះការចុះផ្សព្វផ្សាយគឺត្រូវផ្ដល់សំខាន់ទៅលើគុណភាព អាចធានាបានថាអ្នកដែលចូលរួមពិតជាទទួលបានការយល់ដឹង ហើយអាចជួយបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតក្នុងមូលដ្ឋាន ឱ្យមានការយល់ដឹងតៗគ្នាកាន់តែផលផុសឡើង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





