ថវិកា២៦ពាន់ដុល្លារអាមេរិកជាអំណោយសប្បុរសជនកូរ៉េ ប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ថវិកាចំនួន២៦ពាន់ដុល្លារអាមេរិក រួមទាំងសម្ភារសិក្សា និងគ្រឿងសម្អាតអនាម័យខ្លួនប្រាណមួយចំនួន ដែលជាអំណោយរបស់សប្បុរសជន ជនជាតិកូរ៉េ ត្រូវបានគេនាំយកទៅប្រគល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប។

មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលអំណោយមូលនិធិសប្បុរសធម៌នោះ លោកជំទាវ ជ្រឹង បុទុមរង្សី បានឱ្យដឹងថា ព្រឹត្តិការណ៍សប្បុរសធម៌នាពេលនេះ ជាឫសគល់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៣ ហើយសម្តេចបានផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញបុព្វហេតុសប្បុរសធម៌នេះឡើង តាមរយៈការផ្តួចផ្តើមគំនិតបំផុស និងអំពាវនាវដ៏ល្អ និងមានសារៈសំខាន់នេះ ហើយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានខិតខំយកចិត្តទុកដាក់ដោយសហការជាមួយសមាគមវប្បធម៌កូរ៉េ និងអ្នកពាក់ព័ន្ឋក្នុងស្រុកសំខាន់ៗ ប្រឹងប្រែងរួមគ្នា ដើម្បីការងារមនុស្សធម៌ទាំងអស់គ្នា។

លោកជំទាវឯកអគ្គរាជទូតបានគូសបញ្ជាក់ថា សម្រាប់មូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប នៅតែមានជាបន្តទៅទៀត ពោលគឺគ្មានកុមារណាម្នាក់ត្រូវស្រេកឃ្លាន គ្មានគ្រួសារជាប់ក្នុងភាពក្រីក្រនិងគ្មានសហគមន៍បាត់បង់បរិស្ថានល្អនោះទេ និងបានលើកទឹកចិត្តដល់គណៈគ្រប់គ្រងមណ្ឌលបន្តថែរក្សាក្មួយៗឱ្យដូចជាកូន ជាក្មួយក្នុងគ្រួសារខ្លួនឯងប្រកបដោយក្តីស្រឡាញ់ អាណិតអាសូរ និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

ក្នុងពិធីប្រគល់ និងទទួលអំណោយមូលនិធិសប្បុរសធម៌នោះដែរ លោក យុន លីនណេ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រតិភូសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងផ្តល់មូលនិធិឱ្យមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប គឺបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ចំពោះកុមារ ដើម្បីឱ្យការរស់នៅរបស់កូនៗ ក្មួយៗឱ្យកាន់តែមានភាពកក់ក្តៅ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានឱកាសទទួលបានសិទ្ធិកុមារដូចក្មេងដទៃទៀត ជាពិសេសជំរុញឱ្យកុមារទាំងនេះក្លាយជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានស្នើឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយគន្លងធម៌ និងត្រូវមានក្តីសង្ឃឹម និងជឿជាក់ដោយមុតមាំដោយឈរលើភាពតស៊ូព្យាយាមជម្នះគ្រប់ការលំបាកទាំងអស់។

ចំណែកលោក ស ខេង ប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប បានឱ្យដឹងថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបបង្កើតឡើងនៅឆ្នាំ១៩៧៩ មានទីតាំងនៅភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបច្ចុប្បន្ននេះមជ្ឈមណ្ឌលក៏បានប្តូរទីតាំងមកនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប នៅខែមីនា ឆ្នាំ២០០៩។ បច្ចុប្បន្នមានកុមារ៤៥នាក់ ស្រី២៤នាក់ និងមានបុគ្គលិកប្រចាំការចំនួន៧នាក់ ហើយប្រភពថវិកាសម្រាប់ទ្រទ្រង់ជាប្រភពថវិការបស់រដ្ឋផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប។ ក្នុងចំណោមកុមារកំព្រាទាំង៤៥នាក់នោះ មានកុមារពិការភាពពីកំណើតពុំអាចធ្វើចលនាដើរបានចំនួន៣នាក់ ក្រៅពីនោះពួកគេបានកំពុងសិក្សានៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕
ដោយ ហង្ស សៀក





