ឯកឧត្តម ឌិត ទីណា អញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែងរបស់សហគមន៍ និងបានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០។


ស្របពេលជាមួយគ្នានេះ លោក ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ដោយផ្ទាល់។ ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើន ជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។


តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំងនិងរដូវវស្សា។ នៅឆ្នាំក្រោយៗទៀតសហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួមដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





