ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារ នៅតាមទីតាំងការដ្ឋានមួយចំនួនដូចជា៖ ការដ្ឋានប្រព័ន្ធប្រឡាយជើងឯកបីខ្សែប្រវែងប្រមាណជាង២៧គីឡូម៉ែត្រ ស្ថានីយ៍បូមទឹកអន្លង់គង និងស្ថានីយ៍សាក់សំពៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោរាជធានីភ្នំពេញ ការដ្ឋានស្តាប្រឡាយអូរខ្សាច់ដែលភ្ជាប់ពី រលាំងជ្រៃខាងជើងមកដល់បឹងតាមោកប្រវែងប្រមាណ ២៧,៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងការដ្ឋានស្តារព្រែកពាមសត្ថាប្រវែងប្រមាណ១៨,៧គីឡូមែត្រស្ថិតក្នុងពញាឮខេត្តកណ្តាល។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩០ភាគរយហើយ។


ឯកឧត្តម ថោ ជេដ្ឋា បានមានប្រសាសន៍ថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំផែនការអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹក ដើម្បីធានានូវសន្តិសុខទឹក ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដោយបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ តាមរយៈការស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន៤កន្លែង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន១កន្លែង។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ឱ្យបន្តយកចិត្តទុកដាក់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕
ដោយ លឹម សាន្ត





