អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន១ខ្នង និងបង្គន់អនាម័យ១ខ្នង ជូនស្ត្រីមេម៉ាយ
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន បានប្រគល់ផ្ទះមនុស្សធម៌ទី១៨ ជូនលោកស្រី ឯក សារ៉ូ អាយុ ៤៩ឆ្នាំ មានមុខរបរដើររើសអេតចាយ មានទីលំនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់លោកស្រី ឯក សារ៉ូ ទើបឯកឧត្តមចាត់ឱ្យក្រុមប្រតិបត្តិសាខាមកសហការជាមួយក្រុង និងសង្កាត់ រកដីសហគមន៍សាងសង់ផ្ទះជូនគាត់ ដើម្បីឱ្យគាត់ទទួលបាននូវផ្ទះសម្បែងរស់នៅក្នុងជីវភាពមួយបានសមរម្យនោះ។ ផ្ទះថ្មីនេះជាផ្ទះមនុស្សធម៌របស់សាខាទី២ ក្នុងឆ្នាំ២០២៥ និងជាផ្ទះមនុស្សធម៌ទី១៨ សាងសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ចាក់សាបបាត ដែលមានបណ្តោយ៦ម៉ែត្រ ទទឺង៤ម៉ែត្រ និងកម្ពស់៣,៨ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបានចូលរួមត្រេកអរចំពោះក្រុមគ្រួសារលោកស្រី ឯក សារ៉ូ ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោន។ ឯកឧត្តមបានក្រើនរម្លឹកដល់ក្រុមគ្រួសារលោកស្រី ឯក សារ៉ូ និងអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងត្រូវធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។


ក្នុងការប្រគល់ផ្ទះមនុស្សធម៌នេះ សាខាបានផ្តល់សម្ភារមួយចំនួនជូនលោកស្រីម្ចាស់ផ្ទះ រួមមានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឺកត្រី១យួរ ទឹកសុទ្ធ៥យួរ ធុងទឹកជ័រ៦០លីត្រ ១ ឆ្នាំង២ ចានបាយ៥ ស្លាបព្រា៥ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាសាខា១០ម៉ឺនរៀល ថវិកាព្រះគ្រូ ប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែតចំនួន៥០ម៉ឺនរៀល ព្រមទាំងថវិកាព្រះគ្រូជាសំបូរព្រះចៅអធិការវត្តបាលិលេយ្យចំនួន២០ម៉ឺនរៀល សរុបថវិកាប្រគល់ជូនម្ចាស់ផ្ទះចំនួន៨០ម៉ឺនរៀល។ ចំណែកគ្រួសារក្រីក្រ ចាស់ជរា ពិការចំនួន១០គ្រួសារ ទទួលអំណោយពីអនុសាខាក្រុង ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម ឃីត១កញ្ចប់ ទឹកសុទ្ធ២យួរ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ៕
ដោយ ឈុន សារ៉ាត





