កម្ពុជា-កូរ៉េ បើកពិព័រណ៍សិល្បៈ នៅខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥-- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) រួមជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអនុវត្តគម្រោងអង្គរ ដោយបានរៀបចំពិព័រណ៍សិល្បៈ រួមមានការថតរូប និងថតវីដេអូ ព្រមទាំង ការបរិច្ចាគថវិកាដល់សហគមន៍ផងដែរ។
ពិព័រណ៍សិល្បៈនេះបានចាប់ផ្តើមពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបង្ហាញការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់វិចិត្រករ និងសិប្បករជនជាតិកូរ៉េល្បីៗ រួមមានគំនូរដែលបង្ហាញអំពីទឹកដីកម្ពុជា និងស្នាដៃសិល្បៈថ្នាក់ជាតិ ដែលបង្ហាញឱ្យស្គាល់ពីប្រទេសកូរ៉េ តាមរយៈបច្ចេកទេសប្រពៃណីកូរ៉េ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងសង្គម និងវប្បធម៌ ខណៈពេលដែលមានការអបអរសាទរបេតិកភណ្ឌរួមគ្នារវាងប្រជាជាតិទាំងពីរ។

ការថតរូប និងវីដេអូ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណវង់តូច ក្នុងនោះ មានប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយមានការស្លៀកសម្លៀកបំពាក់ដែលជាការច្នៃម៉ូតពីអ្នករចនាម៉ូតដ៏ល្បីល្បាញលើពិភពលោក គឺលោក LIE SANG BONG ព្រមទាំងក្រុម រចនាម៉ូត Kora Hanbok Diplomatic Mission ដែលរចនាសម្លៀកបំពាក់ប្រពៃណីឈានមុខគេរបស់ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។ដោយឡែកការបរិច្ចាគថវិកា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសកុមារកំព្រា តាមរយៈការផ្តល់ជំនួយផ្នែកអប់រំ និងសុខាភិបាល ។ ក្នុងឱកាសនោះដែរ ថវិកា និងសម្ភារផ្សេងៗនឹងត្រូវប្រគល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំគ្នានៅសារមន្ទីរជាតិអង្គរនេះ ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។
លោកជំទាវបន្ដថា គម្រោងអង្គរ ដែលបានរួមគ្នានៅខេត្ដសៀមរាប បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកយើង ក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ស្នាដៃសិល្បៈដោយវិចិត្រករសិល្បៈកូរ៉េល្បីៗ ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌។ គំនិតផ្តួចផ្តើមដទៃទៀត រួមមាន៖ ការថតរូបប្រាសាទ ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប គឺជាសកម្មភាពដែលបង្កប់នូវការប្តេជ្ញាចិត្តរបស់ពួកយើងបន្ថែមទៀត ក្នុងការលើកកម្ពស់វប្បធម៌ និងកិច្ចការមនុស្សធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ស្នាដៃសិល្បៈ នៃវប្បធម៌ខ្មែរ បានចារិកទុកនៅតាមផ្ទាំងសិលានៃជញ្ជាំងប្រាង្គប្រាសាទ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នៅលើសកលលោកយើងនេះ ។ វប្បធម៌រូបី និងអរូបី នៅកម្ពុជាបានកំពុងទាក់ទាញក្នុងវិស័យទេសចរណ៍ ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតទៀតផង ។ ក្នុងនោះឯកឧត្តម និងលោកជំទាវបណ្ឌិតសភាចារ្យ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះវិចិត្រករ ដែលបានបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិត នូវភាពរស់រវើកនៃគំនូរមានវិញ្ញាណ ដែលធ្វើឱ្យការតាំងពិព័រណ៌នេះ មានសម្រស់ស្រស់ស្អាត និងស្របតាមវប្បធម៌។ ស្នាដៃសិល្បៈបានបង្ហាញពេលនេះ ជាបេះដូងនៃជំនាញសិល្បៈ និង បេតិកភណ្ឌវប្បធម៌ដ៏ល្អបំផុត។ ការផ្លាស់ប្តូរវប្បធម៌ គឺជាការបង្ហាញពីភាពដ៏ បរិសុទ្ធបំផុតនៃការទំនាក់ទំនងរវាងមនុស្ស និងមនុស្ស និង ការផ្សាភ្ជាប់ដួងចិត្ត ការបង្រួបបង្រួមមនុស្សជាតិ យល់ដឹងពីគ្នាផងដែរ ។ ការតាំងពិព័រណ៌នេះ ធ្វើឱ្យយើងឆ្ពោះទៅរកមិត្តភាពយូរអង្វែង និង អនាគតរុងរឿងជាមួយគ្នា។


លោកស្រី Soonja Hwang ប្រធានសមាគមសិប្បកម្មកូរ៉េបានលើកឡើងថា ការតាំងពិព័រណ៌សិល្បៈកម្ពុជា កូរ៉េ នៅខេត្តសៀមរាបនាពេលនេះ ជាការបង្ហាញនូវគ្រឿងចងបុរាណកូរ៉េ ដែលហៅថា (maedeup) ដែលមានប្រវត្តិសាស្ត្រតាំងពីរាប់ពាន់ឆ្នាំមកហើយ ក្នុងសម័យរាជវង្ស ចូសុន ហើយដែលបានប្រើប្រាស់ ក្នុងការតុបតែងក្នុងព្រះរាជវាំង និង តាមផ្ទះមនុស្សជាន់ខ្ពស់ ឬក៏សម្រាប់ប្រារព្ធក្នុងពិធីពិសេសៗទៀតផង។ ពិព័រណ៌នេះ មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ តែជានិមិត្តនៃសេចក្តីមេត្តា ករុណា និងបេតិកភណ្ឌវប្បធម៌ ដើមី្បគាំទ្រដល់ផ្នែកវេជ្ជសាស្ត្រ និងការអប់រំដ៏សារៈសំខាន់នៅកម្ពុជា ។ តាមរយៈប្រពៃណីដ៏មានតម្លៃនៃប្រទេសទាំងពីរ បានពង្រឹងចំណងមិត្តភាព និងបង្កើតកេរដំណែលដ៏យូអង្វែងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង៕
ដោយ ឃុត សៅ





