ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិធ្វើទស្សនកិច្ចនៅប្រទេសកេនយ៉ា ដើម្បីជំរុញទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលកេនយ៉ា បាននិយាយថា ប្រធានសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លោក ហ្វីឡេម៉ុន យ៉ាង (Philemon Yang) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសកេនយ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស និងស្ថាប័នពិភពលោក។
ក្រសួងការបរទេស និងកិច្ចការជនភៀសខ្លួនរបស់ប្រទេសកេនយ៉ា បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក យ៉ាង នឹងពង្រឹងតួនាទីសំខាន់របស់ប្រទេសក្នុងទំនាក់ទំនងការទូតពហុភាគី និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញអាទិភាពសំខាន់ៗជាសកល និងក្នុងតំបន់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ាថា «ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសកេនយ៉ា និងអង្គការសហប្រជាជាតិ និងជួយដល់ការដឹកនាំរបស់ប្រទេសកេនយ៉ាក្នុងកិច្ចការតំបន់ និងពិភពលោក»។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក លោក យ៉ាង គ្រោងនឹងជួបប្រជុំទ្វេភាគីកម្រិតកំពូលជាមួយប្រធានាធិបតីកេនយ៉ា លោក វីល្លាម រូតូ (William Ruto) និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលលោកនឹងគូសបញ្ជាក់អំពីចក្ខុវិស័យ និងអាទិភាពសម្រាប់អាណត្តិរបស់លោក។ ការពិភាក្សានឹងផ្តោតលើសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ឌីជីថលភាវូបនីយកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
មន្ត្រីអង្គការសហប្រជាជាតិក៏នឹងថ្លែងសុន្ទរកថាជាសាធារណៈ និងចូលរួមជាមួយសមាជិកនៃសហគមន៍អង្គការសហប្រជាជាតិ អ្នកសិក្សា មន្ដ្រីគោលនយោបាយ អ្នកបង្កើតថ្មី និងអ្នកពាក់ព័ន្ធក្នុងវិស័យឯកជន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





