ម៉ារ៉ុក និងបារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសម៉ារ៉ុក និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ដែលគ្របដណ្តប់លើវិស័យដូចជាភាពយន្ត បញ្ញាសិប្បនិម្មិត ការការពារបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍហ្គេមវីដេអូ។
ការចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោកស្រី រ៉ាជីដា ដាទី (Rachida Dati)។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនងម៉ារ៉ុក លោក ម៉ូហាមេដ មេហ៍ឌី បេនសេដ (Mohamed Mehdi Bensaid) បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងទីក្រុងរ៉ាបាត និងទីក្រុងប៉ារីស។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រួបបង្រួមភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាឧស្សាហកម្មវីដេអូហ្គេមជាដើម។
លោក ដាទី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទំនាក់ទំនងវប្បធម៌គឺជា «សសរស្តម្ភនៅមូលដ្ឋាននៃអនាគត» សម្រាប់ទំនាក់ទំនងបារាំង-ម៉ារ៉ុក ហើយលោកបានបង្ហាញពីឆន្ទៈរបស់ប្រទេសបារាំងក្នុងការធ្វើជាដៃគូរបស់ប្រទេសម៉ារ៉ុក ចំពោះយុទ្ធសាស្ត្រវប្បធម៌អន្តរជាតិរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





