ចិនបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាតាមរយៈហ្សកដានី
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ស្ថានទូតចិនប្រចាំប្រទេសហ្ស៊កដានី និងអង្គការសប្បុរសធម៌ហ្ស៊កដានី Hashemite បានរៀបចំសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។
ជំនួយមនុស្សធម៌ដែលផ្តល់ដោយប្រទេសចិន នឹងត្រូវដឹកជញ្ជូនពីប្រទេសហ្ស៊កដានីទៅកាន់តំបន់ហ្គាហ្សាតាមព្រំដែនគោក។ ជំនួយសង្គ្រោះបន្ទាន់ដែលមានកញ្ចប់អាហារចំនួន ៦០.០០០កញ្ចប់នឹងត្រូវដឹកជញ្ជូនជា ៦ផ្នែកនៃការដឹកជញ្ជូន។ ការដឹកជញ្ជូនដំបូងដែលរួមបញ្ចូលកញ្ចប់អាហារប្រហែល ១២.០០០កញ្ចប់នឹងត្រូវប្រគល់ទៅឱ្យកម្មវិធីអាហារពិភពលោក អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និងអង្គការពាក់ព័ន្ធផ្សេងទៀត នៅពេលដែលការដឹកជញ្ជូនទៅដល់តំបន់ហ្គាហ្សា។
ក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហ្ស៊កដានី លោកស្រី ចេន ជួនដុង (Chen Chuandong) បាននិយាយថា ប្រទេសចិនក្នុងនាមជាមិត្តរបស់ប្រជាជនប៉ាឡេស្ទីនបានផ្តល់ការដឹកជញ្ជូនជំនួយជាច្រើនទៅកាន់តំបន់ហ្គាហ្សា ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់ប្រជាជនប៉ាឡេស្ទីន។
អគ្គលេខាធិការនៃអង្គការសប្បុរសធម៌ Hashemite លោក ហូសសេអ៊ីន ស៊ីប្លី (Hussein Shibli) បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនក្នុងការគាំទ្ររបស់ខ្លួនសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ដោយលោកបានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីជួយអ្នកដែលត្រូវការជំនួយនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





