រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត
AKP សៀមរាប ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងក្នុងពិធីប្រារព្ធខួបទី៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណប្រាសាទបាយ័ន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះបានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្សអាចរស់នៅជាមួយគ្នាជាដរាប។

ឯកឧត្តមបណ្ឌិត ហង់ ពៅ បានបន្តថា អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ដែលមានតួនាទីសំខាន់ៗដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ និងដោយអនុវត្តតាមអនុសាសន៍ណែនាំនានារបស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិសម្រសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៊ីស៊ី អង្គរ (ICC-Angkor)ផងនោះ អាជ្ញាធរជាតិអប្សរាអនុវត្តបានសម្រេចនូវកិច្ចការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

ឯកឧត្តម ហង់ ពៅ បានបន្តទៀតថា ភាពល្បីល្បាញរបស់រមណីយដ្ឋានអង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិ ជាច្រើនមកទស្សនាតំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះក៏មានឥស្សរជនអន្តរជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង។ ពួកគេទាំងនោះ បានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ពីភាពល្បីល្បាញនៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក៏បានមានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទសស្សនៈវែងឆ្ងាយរបស់សម្តេចតេជោហ៊ុន សែន និងការបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន វិស័យវប្បធម៌ និងទេសចរណ៍ កំពុងមានវឌ្ឍនភាព និងជាវិស័យដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយភាព ស្រស់ត្រកាល និងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានសម្តែងនូវការដឹងគុណចំពោះឥស្សជនជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារថែរក្សាឧទ្យានអង្គរឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង៕
ដោយ ឃុត សៅ





