អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីជំនាញកសិកម្មចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងការខូចខាតដោយសារសត្វមមាចត្នោតបំផ្លាញនៅឃុំតាំងក្រសៅ
AKP កំពង់ធំ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងមន្ត្រីជំនាញកសិកម្មស្រុក នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំង និងចុះសួរសុខទុក្ខប្រជាកសិករដែលស្រូវប្រាំងរបស់ពួកគាត់ខូចខាតដោយសត្វមមាចត្នោតបំផ្លាញអស់ជាច្រើនហិកតា នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃីម សុខឃាង បានគិតគូរពីសុខទុក្ខរបស់ប្រជាកសិករដែលជួបបញ្ហាទៅលើតម្លៃទីផ្សារស្រូវក៍ដូចជាសត្វមមាចកំពុងតែបំផ្លាញស្រូវប្រាំងហើយស្រែមួយចំនួនប្រភពទឹកមិនទាន់ទាន់ទៅដល់ធ្វើឱ្យស្រូវស្កក និងបញ្ហាផ្សេងៗទៀត។ កត្តាទាំងអស់នេះហើយ ក្រុមការងារថ្នាក់ស្រុក និងមន្ត្រីជំនាញទាំងអស់ចុះជួយអន្តរាគមន៍ ជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនេះ បងប្អូនប្រជាកសិករមានអារម្មណ៍រីករាយ នៅពេលដែលឃើញថ្នាក់ដឹកនាំតែងតែបារម្ភ និងគិតគូរពីសុខទុក្ខប្រជាកសិករ ហើយបានចុះជាប់ជាមួយប្រជាពលរដ្ឋ។ប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំស្នើសុំឱ្យតម្លៃស្រូវប្រាំងបានថ្លៃ ឫអាចរក្សាតម្លៃ៧៧០រៀលក្នុង១គីឡូក្រាមជាប្រចាំ ស្នើសុំមន្ត្រីជំនាញកសិកម្មណែនាំថ្នាំសម្រាប់បាញ់កម្ចាត់មមាចត្នោត ព្រោះមមាចត្នោតកំពុងតែបំផ្លាញដំណាំស្រូវប្រាំងនៅចុងរដូវប្រមូលផលនេះ និងផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ដល់ស្រូវប្រាំងណាដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ថា នៅឃុំតាំងក្រសៅ ការងារបង្កបង្កើនផលមានផ្ទៃដីស្រូវប្រាំងចំនួន៣៤៨៨ហិកតា ទិន្នផលមធ្យម៦តោនក្នុង១ហិកតា ហើយតម្លៃស្រូវនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្មើនឹង៧៤០រៀលក្នុង១គីឡូក្រាម។ ការច្រូតកាត់មកដល់ពេលនេះសម្រេចបាន៥០ភាគរយហើយ។ ហើយមួយរយៈពេលកន្លងទៅនេះមានសត្វមមាចត្នោតបានបំផ្លាញធ្វើឱ្យខូចខាតដំណាំស្រូវរបស់ប្រជាកសិករជាច្រើនហិកតា។ ប្រជាកសិករស្នើសុំឱ្យការិយាល័យកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជួយផ្តល់ថ្នាំមានប្រសិទ្ធភាពសម្លាប់សត្វមមាចត្នោត ដែលកំពុងបំផ្លាញស្រូវប្រាំងនេះផង៕
ដោយ ស៊ុម វណ្ណា





