ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម៖ អាជ្ញាធរដែនដី និងគណៈកម្មការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលសមាគមអតីតយុទ្ធជនកម្ពុជាសម្រេចបានក្នុង ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុវជនកម្ពុជា ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវពង្រឹងស្ថាប័ន មន្ទីរ អង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច គ្រប់ទីកន្លែង គ្រប់បណ្ដារាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឱ្យកាន់តែមានភាពប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកជំទាវ ប្រធាន-អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា រាជធានី-ខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី ដែលបានយកចិត្ត ទុកដាក់ជួយដោះស្រាយការលំបាកដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈា ស៊ីតារា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន បានបញ្ជាក់អំពីលទ្ធផលការងារក្នុងឆ្នាំ២០២៤ថា ក្នុងឆ្នាំ២០២៤ ថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ ជាពិសេស សម្តេច ឯកឧត្តម លោកជំទាវ ជាអនុប្រធាន បានឆ្លៀតឱកាសពីភារកិច្ចស្នូលមកចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ការឧបត្ថម្ភដល់អតីតយុទ្ធជនដោយផ្ទាល់ នៅតាមមូលដ្ឋានយ៉ាងសកម្មផុសផុល ចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារតាមគ្រប់រូបភាព ពិសេសចូលរួមពិធីបុណ្យសព ប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ការត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ និងពិធីប្រគល់ផ្ទះស្នាក់នៅជាដើម។
របាយការណ៍ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិកសរុបចំនួន ៨៧.៥៩០នាក់ ក្នុងនោះ គ្រួសារយុទ្ធជនពលីចំនួន១៦.៦០០នាក់ គ្រួសារជនមរណៈចំនួន២.៨៧៨នាក់ យុទ្ធជនពិការចំនួន២៧.៤៦១នាក់ និវត្តន៍ជនចំនួន៣៩.២៥២នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន១.៣៥៦នាក់ មន្ត្រីរាជការស៊ីវិលចំនួន៤៣នាក់។ នៅមានការងារជាច្រើនទៀត ដែលសមាគមបានបំពេញតួនាទីក្នុងការដោះស្រាយ និងការរៀបចំសម្រួលដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលស្ដែងឱ្យឃើញពីលទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤កន្លងមកនេះ។ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន សមាគមបានដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ នូវចំណុចសំខាន់ៗជាច្រើន៕
ដោយ សំ សាម៉ន





