ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា បច្ចេកវិទ្យា AI បានធ្វើបដិវត្តន៍ដល់ការរៀនសូត្រ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥--
ថ្លែងក្នុងពិធីបិទសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីភាពផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យអប់រំ ដែលបច្ចេកវិទ្យា AI បានធ្វើបដិវត្តន៍ដល់ការរៀនសូត្រ ដែលទាមទារឱ្យមានការគាំទ្រពីមាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូលទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀនដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍សិក្សាបែបផ្ទាល់ខ្លួន និងអាចស្វ័យសិក្សាដោយខ្លួនឯងបាន ដោយក្រសួងអប់រំនឹងនៅតែបន្តជួយគាំទ្រពីក្រោយជានិច្ច ជាពិសេសសម្រាប់សិស្សខ្សោយដើម្បីរក្សាបាននូវបរិយាបន្នក្នុងការអប់រំ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះ ដោយបង្រៀនកុមារឱ្យចេះស្រឡាញ់ និងចូលចិត្តការសិក្សារៀនសូត្រ ប្រើប្រាស់ AI ជួយគាំទ្រដល់កញ្ចប់គណិតដំបូង អំណានដំបូង បង្រៀនសិស្សឱ្យចេះគិត និងចេះស្រមើលស្រមៃ ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាបង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាលើកទឹកចិត្តឱ្យសិស្សរៀនបង្កើតសៀវភៅ ឬ Platform ដោយខ្លួនឯង ទាមទារឱ្យប្រើប្រាស់វិធីសាស្ត្រថ្មីៗ ដូចជារៀនអំពីការរៀន (Learn how to learn) បំណិនក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា បំណិនសតវត្សទី២១ គឺការត្រិះរិះពិចារណា ធ្វើការងារជាក្រុម និងពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ដៃគូផ្នែកចំណេះដឹង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រនិងសហការរៀបចំឱ្យមានវេទិកានេះឡើង ក្នុងគោលដៅបង្ហាញនូវការអភិវឌ្ឍថ្មី គំនិតច្នៃប្រឌិត នវានុវត្តន៍ និងឧត្តមានុវត្តន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជាក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសការលើកកម្ពស់ការរៀបចំយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន និងបានលើកឡើងថា នឹងមានការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី២នាឆ្នាំក្រោយ ហើយនឹងមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ព្រមទាំងរៀបចំការជ្រើសរើសគ្រូល្អផ្នែកបច្ចេកវិទ្យានាពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនទៅលើការអប់រំផ្នែកបច្ចេកវិទ្យានេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅកាត់បន្ថយគម្លាតចំណេះដឹងជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍នានា ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិកម្ពុជា៕

ដោយ៖ ចាន់ សុភឿន





