ព្រះករុណា ព្រះមហាក្សត្រ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ស្ដីពីលទ្ធផលនៃសម័យប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ ចេញផ្សាយថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០និង០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៨ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យសម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣ ដោយទទួលបាននូវលទ្ធផល របៀបវារៈទី១ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។ សម្រាប់សម័យប្រជុំលើកទី៣៨នេះ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញា ចំនួន ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឱ្យលើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យមានបៀវត្សរ៍ក្នុងរយៈពេល ៦ខែ ១ករណី។ ជាមួយគ្នានេះ ក្នុងចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៣៨ឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ក៏បានពិនិត្យ និងសម្រេច លើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង ១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាព បណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ផងដែរ។
ចំពោះរបៀបវារៈទី២ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រមមួយចំនួន។ អង្គប្រជុំបាន សម្រេចយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម នៃសាលាជម្រះក្តីមួយចំនួន ដែលដល់វេនត្រូវធ្វើការផ្លាស់ប្តូរ និងដោយយោងទៅតាមតម្រូវការជាក់ស្តែង ក្នុងនោះរួមមាន ថ្នាក់តុលាការកំពូលចំនួន ៥នាក់, ថ្នាក់សាលាឧទ្ធរណ៍ចំនួន ១២នាក់ និងថ្នាក់សាលាដំបូងរាជធានី-ខេត្ត ចំនួន ៥៦នាក់។ របៀបវារៈទី៣ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ជាមួយគ្នានេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៅថ្នាក់មហាអយ្យការអមតុលាការកំពូល ១នាក់, ថ្នាក់មហាអយ្យការអមសាលាឧទ្ធរណ៍ចំនួន ២នាក់ និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ២១នាក់។ របៀបវារៈទី៤ ពិនិត្យ និងសម្រេច អំពីការកែសម្រួល និងតែងតាំង សមាសភាពនៃក្រុមអធិការកិច្ចនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ អង្គប្រជុំបានសម្រេចយល់ព្រមធ្វើការកែសម្រួល និងតែងតាំងសមាសភាព ក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានសមាសភាពសរុបចំនួន ២០នាក់។ របៀបវារៈទី៥ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា។ សម្រាប់សម័យប្រជុំលើកទី៣៨ នេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម ចំពោះសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា សរុបទាំងអស់មានចំនួន ៣៧៨នាក់ ក្នុងនោះ ចំនួន ៣១២នាក់ ត្រូវស្នើតាមវេនអតីតភាព និងចំនួន ៦៦នាក់ ត្រូវស្នើតាមកម្រិតសញ្ញាបត្រ។
របៀបវារៈទី៦ ពិនិត្យ និងសម្រេច អំពីសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រម កម្មសិក្សាចំនួន ៣៥នាក់។ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានអនុម័តយល់ព្រមតាំងស៊ប់ក្នុងក្របខ័ណ្ឌ ចៅក្រម ចំពោះចៅក្រមកម្មសិក្សា ចំនួន ៣៥នាក់ និងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងខេត្ត។ របៀបវារៈទី៧ ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន២០នាក់ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើសុំតាំងស៊ប់ក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ២០នាក់ និងចាត់ឱ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្ត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ របៀបវារៈទី៨ ពិនិត្យ និងសម្រេច អំពីសំណើសុំចូលបម្រើការងារវិញ របស់លោកជំទាវ ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានអនុម័តយល់ព្រមអនុញ្ញាត ឱ្យលោកជំទាវ ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ចូលបម្រើការងារជាចៅក្រមនៅអង្គភាពវិញ និងតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ របៀបវារៈទី៩ ពិគ្រោះយោបល់ លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរ៍រយៈពេល២ឆ្នាំ របស់ព្រះរាជអាជ្ញារង ចំនួន ២នាក់។ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើ សុំរបស់ព្រះរាជអាជ្ញារងទាំង ២នាក់ ដូចតទៅ ទី១-អនុញ្ញាតឱ្យលោកស្រី ឆេង ហាក់ដឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប ឈប់សម្រាកដោយគ្មានបៀវត្សរ៍រយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០២៦។ ទី២-អនុញ្ញាតឱ្យលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កំពង់ឆ្នាំង ឈប់សម្រាកដោយគ្មានបៀវត្សរ៍រយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៧។
របៀបវារៈទី១០ ពិនិត្យ និងសម្រេច អំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារបស់ចៅក្រម១នាក់ នៃសាលាដំបូងខេត្តកណ្តាល។ អង្គប្រជុំបានអនុម័តយល់ព្រមអនុញ្ញាតច្បាប់ឈប់សម្រាកពីការងារ បន្ថែមចំនួន ១ឆ្នាំទៀត ដល់លោកស្រី អ៊ុំ ម៉ាណូកា ចៅក្រមសាលាដំបូងខេត្តកណ្តាល គិតចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយរក្សាក្របខ័ណ្ឌ និងគ្មានប្រាក់បៀវត្សរ៍។ របៀបវារៈទី១១ ពិនិត្យ និងសម្រេច អំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ១នាក់ នៃសាលាដំបូងខេត្តពោធិ៍សាត់។ អង្គប្រជុំបានអនុម័តយល់ព្រមអនុញ្ញាតឱ្យលោកស្រី សាមឆាយ លីនណា ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ បានឈប់សម្រាកពីការងារ ដោយរក្សាក្របខ័ណ្ឌ និងប្រាក់បៀវត្សរ៍ រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ របៀបវារៈទី១២ ពិគ្រោះយោបល់ អំពីការស្នើសុំបំពេញកម្មសិក្សាការងារ ជាព្រះរាជអាជ្ញារងកម្មសិក្សា សម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើការស្នើសុំបំពេញកម្មសិក្សាការងារ ជាព្រះរាជអាជ្ញារងកម្មសិក្សា សម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ចំនួន ១៥នាក់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ របៀបវារៈទី១៣ បញ្ហាផ្សេងៗ។ ចំពោះរបៀបវារៈនេះ អង្គប្រជុំមិនមានបញ្ហាអ្វីលើកឡើងទេ៕
ដោយ៖ ជឹម ណារី





