រដ្ឋមន្ត្រីការបរទេសរុស្ស៊ីជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ អាល់សូដ (Mohammed bin Salman Al Saud) ។
ក្រសួងបាននិយាយនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួនដោយចែករំលែករូបថតនៃកិច្ចប្រជុំនេះថា «លោក ឡាវរ៉ូវ ត្រូវបានទទួលដោយព្រះអង្គម្ចាស់រាជទាយាទដែលជាប្រធានក្រុមប្រឹក្សារដ្ឋអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ អាល់សូដ»។
គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នានៅទីក្រុងរីយ៉ាដនាថ្ងៃទី១៨ ខែកុម្ភៈ។ កិច្ចប្រជុំមានរយៈពេល ៤ទៅ ៥ម៉ោង ប្រទេសរុស្ស៊ីត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក សើហ្គេយ ឡាវរ៉ូវ ជំនួយការប្រធានាធិបតី លោក យូរី យូសាកូវ (Yury Ushakov) និងនាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) លោក គីរីល ឌីមីទ្រីអេវ (Kirill Dmitriev) ។រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វ៉ាល់ហ្ស៍ (Mike Waltz) និងបេសកជនពិសេសសម្រាប់តំបន់មជ្ឈិមបូព៌ា លោក ស្តេហ្វេន វីតកោស (Stephen Witkoff) បានចូលរួមនៅក្នុងការចរចានេះ៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





