ថៃនាំមុខលើការនាំចេញផ្លែឈើស្ងួតទៅកាន់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- នេះបើយោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) បានឱ្យដឹងថា ប្រទេសថៃបាននាំមុខលើការនាំចេញផ្លែឈើស្ងួតទូទាំងពិភពលោកទៅកាន់ប្រទេសចិនក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ជាមួយនឹងការលក់កើនឡើង១០,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១២៥,៦៤លានដុល្លារអាម៉េរិក។
នាយកដ្ឋាន DITP ព្យាករណ៍ថា ទីផ្សារចិនសម្រាប់ផ្លែឈើស្ងួតនឹងកើនឡើងដល់ ៣៣៥,៣ប៊ីលានយ័ន (៤៦ប៊ីលានដុល្លារអាម៉េរិក) នៅឆ្នាំ២០២៨ ហើយកំពុងជំរុញឱ្យអាជីវកម្មថៃបង្កើនទុនដោយបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់។
អ្នកប្រើប្រាស់ជនជាតិចិនកំពុងផ្តល់អាទិភាពដល់សុខភាព និងអាហារូបត្ថម្ភនៅពេលជ្រើសរើសផ្លែឈើស្ងួត ដោយ ៨២% លើកឡើងថានេះជាកត្តាសំខាន់។ ការដើរទិញឥវ៉ាន់អនឡាញត្រូវបានគេពេញចិត្តដោយមាន ៨១,៤% នៃអ្នកប្រើប្រាស់ ខណៈពេលដែល ៧៧,៦% នៅតែទិញទំនិញនៅក្នុងហាងជាក់ស្តែង។ ផលិតផលផ្លែឈើស្ងួតចម្រុះក៏ជានិន្នាការកើនឡើងផងដែរ។ ម៉ាកយីហោដូចជា ហ្សៅ រេន (Zhao Ren) កំពុងស្វែងរកភាពជោគជ័យជាមួយនឹងផលិតផលដូចជា គ្រាប់ផ្លែឈើស្ងួត និងផ្លែទន្លាប់ជាមួយប័រ។
របាយការណ៍បានបញ្ជាក់ថា ប្រទេសថៃនាំមុខលើការនាំចេញផ្លែឈើក្រៀមជាសាកលទៅប្រទេសចិន បន្ទាប់មកគឺប្រទេសឈីលី វៀតណាមសហរដ្ឋអាមេរិក និងបារាំង។
អគ្គនាយកនាយកដ្ឋាន DITP លោកស្រី ស៊ូណាន់តា កាងវ៉ាល់គុលគិច (Sunanta Kangvalkulkij) បាននិយាយថា ទីផ្សារផ្លែឈើស្ងួតរបស់ប្រទេសចិនកំពុងពង្រីកយ៉ាងឆាប់រហ័ស ជាពិសេសសម្រាប់ផលិតផលធម្មជាតិ កាឡូរីទាប និងច្នៃប្រឌិត ហើយទីតាំងនាំចេញឈានមុខគេរបស់ប្រទេសថៃឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងការជឿជាក់លើគុណភាពនៃផលិតផលរបស់ខ្លួន។
លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនផលិត និងអ្នកនាំចេញរបស់ប្រទេសថៃត្រូវតែបន្តអភិវឌ្ឍន៍ និងរក្សាបាននូវស្តង់ដារខ្ពស់ បង្កើតផលិតផលថ្មីដែលឆ្លើយតបនឹងតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនចិន ដើម្បីទទួលបានភាពជោគជ័យយូរអង្វែងនៅក្នុងទីផ្សារដែលរកកម្រៃបាន៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





