មីយ៉ាន់ម៉ាចាប់ខ្លួនជនបរទេសចំនួន ២៧០នាក់ក្នុងតំបន់ឆបោកតាមព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- អាជ្ញាធរមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៨ ខែកុម្ភៈ បានឃាត់ខ្លួនជនបរទេសចំនួន ២៧៣នាក់ពីកន្លែងឆបោកតាមព្រំដែនជាមួយប្រទេសថៃ ដែលជាផ្នែកមួយនៃការបង្រ្កាបសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត។
ប្រតិបត្តិការនេះបានធ្វើឡើងខណៈដែលអ្នកតំណាងមកពីប្រទេសចិនមីយ៉ាន់ម៉ា និងថៃបានបើកកិច្ចប្រជុំរួមគ្នាមួយនៅតំបន់ Myawaddy ដើម្បីពិភាក្សាអំពីវិធានការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងប្រទេសទាំងបី។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សរាប់រយពាន់នាក់ដែលត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងបរិវេណខុសច្បាប់ដែលបានផ្ទុះឡើងនៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា។
ចាប់តាំងពីចុងខែមករាមក អាជ្ញាធរមីយ៉ាន់ម៉ាបានរកឃើញជនបរទេសចំនួន ១.៣០៣នាក់ដែលបានចូលមកក្នុងប្រទេសដោយខុសច្បាប់ និងធ្វើការនៅបរិវេណខុសច្បាប់ក្នុងតំបន់ Myawaddy ដោយមនុស្សចំនួន ២៧៣នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ។
លោក ជូចៀប ពង្សឆៃ (Choocheap Pongchai) អភិបាលខេត្តតាក់បាននិយាយថា ក្រុមអ្នកនៅរស់រានមានជីវិតពីមជ្ឈមណ្ឌលបោកប្រាស់ចំនួន២៦០នាក់ពីតំបន់ Myawaddy បានចូលទៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន ដែលភាគច្រើនជាជនរងគ្រោះនៃការជួញដូរមនុស្ស៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





