កូរ៉េខាងត្បូង៖ ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តលើកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង «កំពុងតាមដានយ៉ាងដិតដល់» ចំពោះការវិវត្តដែលទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងធ្វើការពិភាក្សាគ្នាលើបញ្ហានេះនៅក្នុងសប្តាហ៍នេះ។
មន្ត្រីក្រសួងមួយរូបបានធ្វើការកត់សម្គាល់ ខណៈមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី គ្រោងនឹងជួបគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃបន្ទាប់ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមជិតបីឆ្នាំ។
មន្ត្រីក្រសួងបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «ដោយមានចំណាប់អារម្មណ៍ខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តដែលទាក់ទងនឹងការចរចាបែបនេះ» ។
មន្ត្រីរូបនេះបាននិយាយថា ទីក្រុងសេអ៊ូលនឹងសហការជាមួយបណ្តាប្រទេសជាមិត្តសម្រាប់ការស្ដារឡើងវិញនូវសន្តិភាព និងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ «យ៉ាងឆាប់រហ័ស» ដោយលោកបានបន្ថែមថា ខ្លួនគ្រោងនឹងបន្តផ្តល់ការគាំទ្រដល់ទីក្រុងគៀវ។
ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌ និងជំនួយឥតសំណងដល់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





