កូរ៉េខាងត្បូងប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការអះអាងដដែលៗរបស់ជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការទាមទារទឹកដីម្តងហើយម្តងទៀតរបស់ប្រទេសជប៉ុនចំពោះកោះដុកដូ ភាគខាងកើតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលទីក្រុងតូក្យូគ្រោងនឹងបញ្ជូនមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទៅព្រឹត្តិការណ៍ក្នុងតំបន់ដែលបញ្ជាក់ពីការទាមទារទឹកដីរបស់ខ្លួនចំពោះកូនកោះនោះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក លី ចេវូង (Lee Jae-woong)បានប្រាប់សន្និសីទសារព័ត៌មានថា «យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការទាមទារខុសច្បាប់ណាមួយដោយប្រទេសជប៉ុនជុំវិញកោះដុកដូ»។
លោក លី បាននិយាយថា «គ្មានជម្លោះដែនដីណាមួយកើតមានលើកោះដុកដូនោះទេ» ដោយលោកបានបញ្ជាក់ជាថ្មីថា កូនកោះថ្មនេះច្បាស់ជាទឹកដីរបស់ប្រទេសកូរ៉េខាងត្បូងក្នុងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងច្បាប់អន្តរជាតិ។
ការកត់សម្គាល់របស់លោក លី បានកើតឡើងនៅពេលដែលសាលាក្រុងរបស់ប្រទេស ជប៉ុនមួយចំនួនគ្រោងនឹងរៀបចំពិធីរំលឹកប្រចាំឆ្នាំដល់ឈ្មោះតាកេស៊ីម៉ា (Takeshima) ដែលជាឈ្មោះជប៉ុនសម្រាប់ដុកដូ នៅថ្ងៃសៅរ៍។ អនុរដ្ឋមន្ត្រីមកពីរដ្ឋាភិបាលជប៉ុនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនេះ។
កោះដុកដូ គឺជាប្រភពនៃភាពតានតឹងដែលកើតឡើងដដែលៗរវាងប្រទេសជិតខាងទាំងពីរតាំងពីយូរយារណាស់មកហើយ ខណៈដែលទីក្រុងតូក្យូនៅតែបន្តធ្វើការទាមទារអធិបតេយ្យភាពនៅក្នុងឯកសារគោលនយោបាយ សេចក្តីថ្លែងការណ៍សាធារណៈ និងសៀវភៅសិក្សារបស់សាលារៀន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





