លោក ហ្សេលេនស្គី៖ អ៊ុយក្រែនមិនចូលរួមក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក-រុស្ស៊ី នៅអារ៉ាប៊ីសាអូឌីតនោះទេ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានInterfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ទីក្រុងគៀវនឹងមិនចូលរួមក្នុងការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលខាងមុខដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះនោះទេ។
លោក ហ្សេលេនស្គី ត្រូវបានគេដកស្រង់សម្តីថា «អ៊ុយក្រែននឹងមិនចូលរួមទេ។ អ៊ុយក្រែនមិនបានដឹងអ្វីអំពីរឿងនេះទេ» ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងគៀវនឹងមិនទទួលយកលទ្ធផលនៃការចរចាដែលមិនពាក់ព័ន្ធនឹងអ៊ុយក្រែនឡើយ។
លោកបានសង្កត់ធ្ងន់ថា «យើងមិនអាចទទួលស្គាល់អ្វី ឬកិច្ចព្រមព្រៀងណាមួយអំពីយើងដោយគ្មានយើង។ ហើយយើងនឹងមិនទទួលស្គាល់កិច្ចព្រមព្រៀងបែបនេះទេ»។
លោក ហ្សេលេនស្គី បានបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ «មិនមានទំនាក់ទំនងជាមួយនឹងរឿងដែលកំពុងកើតឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតំណាងរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ»។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា គណៈប្រតិភូសហរដ្ឋអាមេរិក និងរុស្ស៊ី គ្រោងនឹងជួបប្រជុំគ្នាកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីដំណោះស្រាយដែលអាចកើតមានចំពោះជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





