ពិព័រណ៍ការពារជាតិអន្តរជាតិបានបើកនៅប្រទេសអារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ពិព័រណ៍ និងសន្និសិទការពារជាតិអន្តរជាតិឆ្នាំ២០២៥ រួមជាមួយនឹងការតាំងពិព័រណ៍ការពារដែនសមុទ្រនិងសន្តិសុខដែនសមុទ្រ បានបើកនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។
ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុមហ៊ុនការពារជាតិចំនួន១.៥៦៥ក្រុមហ៊ុនមកពី ៦៥ ប្រទេស ដើម្បីបង្ហាញពីបច្ចេកវិទ្យាការពារជាតិនិងដំណោះស្រាយចុងក្រោយបង្អស់ក្នុងគោលបំណងលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិ។
កន្លែងតាំងពិព័រណ៌នៅឆ្នាំនេះបានពង្រីកចំនួន ១០% ដោយទាក់ទាញប្រទេសថ្មីចំនួន ៧និងក្រុមហ៊ុនថ្មីចំនួន ៧៣១ក្រុមហ៊ុន។
ក្រុមហ៊ុនការពារជាតិឈានមុខគេរបស់ប្រទេសចិនក៏កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីដាក់តាំងបង្ហាញឧបករណ៍កងទ័ពជើងទឹកជាច្រើន រួមទាំងនាវាលើផ្ទៃ នាវាមុជទឹក អាវុធក្រោមទឹក និងប្រព័ន្ធគ្មានមនុស្សបើក ព្រមទាំងផលិតផលពីវិស័យការពារជាតិផ្សេងទៀតដូចជា លើដីអាកាស និងក្នុងលំហ។
ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ សីខ៍ ម៉ូហាមេដ ប៊ីន ហ្សាយេដ អាល់ ណាហ៍យ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan)បានទៅទស្សនាការតាំងពិព័រណ៍នេះ ដោយព្រះអង្គបានកត់សម្គាល់ថា នេះបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ឧស្សាហកម្មការពារពិភពលោក ដែលទាក់ទាញសហគ្រាស និងអ្នកជំនាញលំដាប់កំពូលនៅទូទាំងពិភពលោកដើម្បីជំរុញវឌ្ឍនភាពនៃសន្តិសុខ និងស្ថិរភាពពិភពលោក។
ព្រឹត្តិការណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ជាមួយនឹងសន្និសិទលើប្រធានបទសំខាន់ៗដូចជា សន្តិសុខតាមអ៊ីនធឺណិត សុវត្ថិភាពអវកាស បញ្ញាសិប្បនិមិត្ត និងការការពារទំនើបដែលគ្រោងនឹងរៀបចំនៅជាមួយពិព័រណ៍នេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





