រដ្ឋមន្ដ្រីការបរទេសរុស្ស៊ី៖ សហរដ្ឋអាមេរិកអាចជួយដោះស្រាយជម្លោះអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសើហ្គេយ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា សហរដ្ឋអាមេរិកអាចជួយដោះស្រាយជម្លោះអ៊ុយក្រែន ដោយលោកបានលើកឡើងពី «តួនាទីកណ្តាល» របស់ខ្លួន ចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើមជិតបីឆ្នាំមុន។
ការកត់សម្គាល់របស់លោក ឡាវរ៉ូវ បានធ្វើឡើងមុនកិច្ចប្រជុំរបស់លោកជាមួយតំណាងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅថ្ងៃអង្គារ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ វិមានក្រឹមឡាំងបាននិយាយថា ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើកិច្ចចរចាបញ្ចប់ជម្លោះដែលនឹងត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ។
លោក ឡាវរ៉ូវ បាននិយាយថា លោកមិនរំពឹងថាជនជាតិអឺរ៉ុបនឹងមានកៅអីនៅតុចរចានោះទេ ដោយលោកបានចោទប្រកាន់ពួកគេថាកំពុងស្វែងរកការប្រើប្រាស់បទឈប់បាញ់ដ៏មានសក្តានុពល ដើម្បីអាចឱ្យអ៊ុយក្រែនបន្តជម្លោះ។
លោកបានបន្ថែមថា ទីក្រុងម៉ូស្គូបដិសេធរាល់ការពិភាក្សាស្តីពីសម្បទានទឹកដីដល់អ៊ុយក្រែនក្នុងអំឡុងពេលការចរចាដ៏មានសក្តានុពល។សហរដ្ឋអាមេរិកធ្លាប់បានជំរុញឲ្យរុស្ស៊ី និងអ៊ុយក្រែនធ្វើសម្បទានដើម្បីសន្តិភាព។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ទីក្រុងគៀវនឹងមិនចូលរួមការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលខាងមុខ ដោយបដិសេធមិនទទួលយកលទ្ធផលណាមួយដែលមិនរាប់បញ្ចូលអ៊ុយក្រែននោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





