លីបង់ពន្យារការផ្អាកជើងហោះហើរទៅ និងមកពីអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលលីបង់បានសម្រេចចិត្តដើម្បីពន្យារការផ្អាកជើងហោះហើរទៅ និងមកពីប្រទេសអ៊ីរ៉ង់ ដោយមិនបានបញ្ជាក់ច្បាស់លាស់ពីរយៈពេលនៃការពន្យារពេលនោះទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីលីបង់ បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលដឹកនាំដោយប្រធានាធិបតី លោក ចូសេព អាអូន (Joseph Aoun)ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកិច្ចការបរទេស មហាផ្ទៃ និងដឹកជញ្ជូន។ ការពិភាក្សាផ្តោតលើការអភិវឌ្ឍសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៃទីក្រុងបៃរូត និងវិធានការដើម្បីបង្កើនសុវត្ថិភាពនៅក្នុងតំបន់ជុំវិញ។
រដ្ឋាភិបាលលីបង់ក៏បានអះអាងសារជាថ្មីថា រាល់នីតិវិធីសុវត្ថិភាពដែលមានស្រាប់សម្រាប់ការត្រួតពិនិត្យយន្តហោះនឹងនៅដដែល ដោយណែនាំសន្តិសុខអាកាសយានដ្ឋានឱ្យធានាបាននូវការអនុលោមពេញលេញជាមួយនឹងវិធីសាស្ដ្រចាំបាច់។
កាលពីសប្តាហ៍មុន អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីបង់បានប្រកាសពីការកំណត់ឡើងវិញបណ្តោះអាសន្ននៃជើងហោះហើរចូលមួយចំនួន រួមទាំងយន្តហោះមកពីប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីវិធានការប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពអាកាសយានដ្ឋាន។ ការកំណត់កាលវិភាគត្រូវបានកំណត់បន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ។
ការសម្រេចចិត្តផ្អាកជើងហោះហើររបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក អាវីចាយ អាដ្រេ (AvichayAdraee) បានចោទប្រកាន់កងកម្លាំង Quds របស់ប្រទេសអ៊ីរ៉ង់ថាបានប្រើប្រាស់ជើងហោះហើរស៊ីវិលតាមរយៈអាកាសយានដ្ឋានបៃរូត ដើម្បីរត់ពន្ធមូលនិធិសម្រាប់ក្រុមហេសបូឡាហ៍។
ជាការឆ្លើយតប អ្នកគាំទ្រក្រុមហេសបូឡាហ៍បានធ្វើបាតុកម្មដោយបិទផ្លូវឆ្ពោះទៅអាកាសយានដ្ឋាន និងផ្នែកផ្សេងទៀតនៃទីក្រុងបេរូត។ ពួកគេបានថ្កោលទោសការរឹតបន្តឹងជើងហោះហើរថាជាទង្វើនៃការចុះចូលនឹងសម្ពាធរបស់អ៊ីស្រាអែល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





