វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការគ្រប់គ្រងដោយផ្តោតលើលទ្ធផលសម្រាប់គាំទ្រដល់ដំណើរការរៀបចំផែនការថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី ការគ្រប់គ្រងដោយផ្តោតលើលទ្ធផល សម្រាប់គាំទ្រដល់ដំណើរការរៀបចំផែនការថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសាន់វេ (Sunway Hotel Phnom Penh) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានគូសបញ្ជាក់ថា អង្គការ UNICEF បានរួមចំណែកគាំទ្រជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) ជាយូរមកហើយ ក្នុងក្របខ័ណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ ជាក់ស្ដែង ស្របតាមកំណែទម្រង់នាពេលថ្មីៗនេះ UNICEF បានអភិវឌ្ឍវិធីសាស្ត្រថ្មី (new SNA approach) សម្រាប់ចូលរួមកាន់តែប្រសើរឡើងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាផ្នែកនៃកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំប្រទេស ២០២៤-២០២៨ (CPC)។ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងគោលបំណងរួមចំណែកសម្រេចបាននូវវិធីសាស្ត្រថ្មីសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានគោលដៅគាំទ្រដល់ការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយភាពស៊ីចង្វាក់ និងជាប្រព័ន្ធ ហើយជាពិសេសសមត្ថភាពក្នុងការគ្រប់គ្រងផ្តោតលើលទ្ធផល ដែលមានការរៀបចំផែនការផ្តោតលើលទ្ធផល និងការរៀបចំថវិកាសម្រាប់លទ្ធផល។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គពិធីទាំងមូល និងបានថ្លែងអំណរគុណចំពោះអង្គការ UNICEF ដែលជានិច្ចកាលបានគាំទ្រដល់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា និងសកម្មភាពការងាររបស់ក្រសួងផែនការ ហើយថ្មីៗនេះ បានគាំទ្រដល់ក្រសួងផែនការ ក្នុងការសិក្សាវាយតម្លៃស្ថានភាពអនុវត្ត និងគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញដោយប្រើប្រាស់ឧបករណ៍តាមដានត្រួតពិនិត្យ និងគ្រប់គ្រងការអនុវត្តនៃយុទ្ធសាស្ត្រ និងគម្រោងសកម្មភាព ដោយផ្តោតលើលទ្ធផល ឬវត្ថុបំណង (ឧបករណ៍ការគ្រប់គ្រងផ្តោតលើលទ្ធផល RBM) សម្រាប់គាំទ្រដល់ការរៀបចំផែនការថ្នាក់ក្រោមជាតិ (SNA)។ RBM នឹងជាក្លាយជាមូលដ្ឋានដល់ការគិតគូរគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំផែនការនៅថ្នាក់ក្រោមជាតិបន្ថែមលើឧបករណ៍នានា ដែលយើងធ្លាប់បានអនុវត្ត មានដូចជា ឯកសារព័ត៌មានស្ថានភាព តារាងពិន្ទុវិស័យ ដែលផលិតចេញពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) និងក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាលផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌនៃទស្សនវិស័យ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព" ដោយផ្តោតជាសំខាន់លើរបៀបវារៈធានាបាន "ប្រសិទ្ធភាពសមិទ្ធកម្ម"។ ក្រសួងផែនការដែលជាសេនាធិការរាជរដ្ឋាភិបាល បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំ ផ្តល់ការណែនាំ និងដឹកនាំ សម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត គាំទ្រឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា និងជាបន្តបន្ទាប់។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺដើម្បីធានាការអភិវឌ្ឍប្រទេសឱ្យឈានទៅសម្រេចបានផលចំណេញខ្ពស់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក ជាពិសេសឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនេះ នឹងក្លាយជាវេទិកាដើម្បីផ្តល់ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នូវចំណេះដឹងថ្មីៗ ស្របនឹងការចែករំលែកបទពិសោធន៍ទាក់ទងនឹងការងារជាក់ស្តែងធៀបជាមួយនឹងទ្រឹស្តី សម្រាប់ជាមូលដ្ឋានដល់ការវិភាគ និងការសម្រេចចិត្ត ក្នុងដំណើរការរៀបចំផែនការនៅថ្នាក់ក្រោមជាតិ (SNA) ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដោះស្រាយបាននូវបញ្ហាជាក់លាក់ នាពេលអនាគត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





