វគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី នៅឃុំសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSA រៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

វគ្គអប់រំផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅឃុំសណ្ដាន់ និងឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រោមវត្តមានលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋនៅឃុំសណ្ដាន់ចំនួន១០០នាក់ (ស្រី៧៨នាក់) និងឃុំឈើទាលចំនួន១០០នាក់ (ស្រី៦៦នាក់)។

លោកស្រី ឡាក់ សៅចាន់ បានមានប្រសាសន៍ថា ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរំលោភបំពានទៅលើស្ត្រី និងក្មេងស្រី ជាការងាររបស់រដ្ឋបាលស្រុកសណ្ដាន់ និងភូមិ/ឃុំ ឱ្យមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយបន្ថែមនៅក្នុងសហគមន៍។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងបានបញ្ជាក់ថាកម្មវិធីនេះពិតជាមានសារៈសំខាន់ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារ និងសហគមន៍អំពីការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី និងបញ្រ្ជាបការទប់ស្កាត់គ្រឿងញៀនទៅលើស្រ្តី និងកុមារ ចំណុចដែលរសើប និងមានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងសមត្ថភាព និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី សិទ្ធិកុមារ ក៏ដូចជាកិច្ចអភិឌ្ឍជាតិឱ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើង។

លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងក្មេងស្រីឱ្យទទួលបាននូវឱកាសស្មើគ្នា និងជួយជនរងគ្រោះដោយការរំលោភបំពាននានា ក្នុងនោះ បានផ្តល់មេធាវីសម្រាប់ជនរងគ្រោះក្រីក្រដោយមិនគិតថវិកាផងដែរ “ជួយស្រ្តីគឺជួយខ្លួនឯង”។ បើសិនមានករណីអ្វីមួយដែលប៉ះពាល់ទៅលើស្ត្រី និងក្មេងស្រីនៅក្នុងសហគមន៍ សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋានដើម្បីក្រុមការងារចុះទប់ស្កាត់ និងការពារឱ្យបានទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា





