កាកបាទក្រហមកម្ពុជាប្រគល់រង្វាន់ជ័យលាភីការប្រកួតផលិតវីដេអូខ្លី ដើម្បីអបអរខួប៧០ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាបានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីការប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមកម្ពុជា» ដើម្បីអបអរខួប៧០ឆ្នាំ (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២៥) ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា មកពី១៧គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមប្រកួត ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ទីប្រឹក្សាក្លឹបយុវជន មកពី២២គ្រឹះស្ថានឧត្តមសិក្សា និងយុវជនសរុប១១០នាក់។

ចាប់ផ្តើមកម្មវីធី លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង បានឱ្យដឹងថា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញទាំង២៥ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន១៧ ដែលបានចូលរួមប្រកួត ហើយផ្ញើវីដេអូមកកាន់ទីស្នាក់ការកណ្តាល។ វីដេអូទាំងនោះត្រូវបានបង្ហោះលើទំព័រហេ្វសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា ដើម្បីបោះឆ្នោតជ្រើសរើសជំហានទី១ តាមរយៈការរាប់សំឡេងគាំទ្រដោយផ្អែកលើរូបមន្ត៖ View១ បាន១ពិន្ទុ Like១ បាន៣ពិន្ទុ Comment១ បាន៣ពិន្ទុ និង Share១ បាន៣ពិន្ទុ។ អស់រយៈពេល៧ថ្ងៃ (ចាប់ពីថ្ងៃទី៧-១៣ ខែកុម្ភៈ វេលាម៉ោង៣រសៀល) ក្រុមការងារបច្ចេកទេសបានជ្រើសរើសវីដេអូដែលទទួលបានការគាំទ្រច្រើនជាងគេចំនួន១០វីដេអូ ក្នុងចំណោម១០ មានវីដេអូចំនួន៣មានពិន្ទុខ្ពស់ជាងគេ ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឱ្យដឹងថា តាមការវាយតម្លៃរបស់គណៈកម្មការដាក់ពិន្ទុ គឺផ្អែកលើចំណុចសំខាន់ៗចំនួន៥រួម៖ ១. ខ្លឹមសារត្រូវឆ្លុះបញ្ចាំងពីប្រវត្តិរបស់ កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ - ២០២៥) ស្របតាមដំណាក់កាលសំខាន់ៗរបស់ឥស្សរជនដែលបានកសាងស្នាដៃ ក្នុងបុព្វហេតុមនុស្សធម៌ រយៈពេល៧ទសវត្សរ៍កន្លងមក ព្រមទាំងវឌ្ឍនភាព ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាប់ពីមហាសន្និបាតអាណត្តិទី២ ឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន។ ២. រូបភាពទាក់ទាញប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ហើយការបញ្ចូលរូបភាព ស៊ីគ្នាទៅនឹងខ្លឹមសារបានល្អ ៣. វីដេអូមានអក្សរ Subtitles ជាភាសាខ្មែរ និងភាសាអង់គ្លេសអមដោយភ្លេង ៤. វីដេអូខ្លី រយៈពេល៤-៧នាទី ដែលមានគុណភាពច្បាស់ល្អកម្រិតFull HD និង៥. វីដេអូមាន Logo កាកបាទក្រហមកម្ពុជា និង Logo របស់គ្រឹះស្ថានឧត្តមសិក្សា បិទចុងបញ្ចប់នៃវីដេអូ។

បន្ទាប់ពីទស្សនាវីដេអូទាំង៣ក្រុមដែលជាប់ចំណាត់ថា្នក់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្រងវីដេអូឯកសារប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ទាំង១៧ឃ្លីប ដែលជាស្នាដៃផ្ទាល់របស់យុវជនកាកបាទក្រហមកម្ពុជា ដែលនេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផលិត ចងក្រងឡើងនូវកម្រងវីដេអូឯកសារខ្លីស្តីពីប្រវត្តិ កាកបាទក្រហមកម្ពុជា ចាប់តាំងពីពេលកកើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ រហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា ក្រុមដែលទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមម្ពជា» លេខ១បានទៅលើសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លេខ២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលេខ៣ សាកលវិទ្យាល័យកម្ពុជា។ ដោយក្រុមជ័យលាភីនីមួយៗ ទទួលបណ្ណសរសើរ និងលិខិតថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កុំព្យូទ័រយួរដៃ រួមទាំងរង្វាន់ផ្សេងៗ និងថវិកាមួយចំនួនទៀត។ រីឯក្រុមដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ទទួលបានបណ្ណសរសើរ និងលិខិតថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រធានកិត្តិយសក្លឹប និងរង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





