ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ឯកឧត្តមនឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំចង្អៀតជាមួយឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក។ ដោយឡែកសម្រាប់កិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងៗខ្លួន ព្រមទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ មុននឹងពិនិត្យ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលផែនការសហប្រតិបត្តិការឆ្នាំ២០២៥ គឺជាយន្តការដ៏មានសារៈសំខាន់ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាងនឹងគ្នា។


សូមជម្រាបជូនថា ក្នុងឱកាសនៃការបំពេញបេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាមផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





