រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំផ្សព្វផ្សាយការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាក្រុងតាខ្មៅ។

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្សព្វផ្សាយការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាលបានសហការជាមួយមន្ទីរបរិស្ថានខេត្តនឹងរៀបចំកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត ស្តីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋាន ដូចក្នុងតារាង វាយតម្លៃ និងដាក់ពិន្ទុផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន០៣ សូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន៩១ចំណុច ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មាន សោភ័ណភាពល្អ និងបរិស្ថានល្អ ដោយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្ត ដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានស្នើដល់អាជ្ញាធរសង្កាត់ ក្រុង និងអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង សំរាម និងសំណល់រឹង និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមថែរក្សា និងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាព ទីប្រជុំជន និងលំនៅឋានប្រជាពលរដ្ឋ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





