ឯកឧត្តម អ៊ុន ចាន់ដា៖ ការបោះជំរំគឺជាការអនុវត្តដោយផ្ទាល់ដើម្បីអភិវឌ្ឍបំណិនជីវិត
AKP កំពង់ចាម ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការបោះជំរំយុវជនគឺដើម្បីអភិវឌ្ឍបំណិនជីវិតរបស់យុវជនយើង ដែលដើរតួនាទីសំខាន់ក្នុងការអប់រំចិត្តគំនិត និងស្មារតី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យុវជនក្នុងការអភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាពដើម្បីក្លាយខ្លួន ជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះក្នុងពិធីបើកការបោះជំរំយុវជន ក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។



ឯកឧត្តមអភិបាលបានបញ្ជាក់ថា ពិធីបោះជំរំជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការអប់រំចិត្តគំនិត និងស្មារតី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យុវជនក្នុងចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ដោយទទួលខុសត្រូវ។ ជាកម្មវិធីដ៏ល្អសម្រាប់យុវជន ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង និងផ្តល់ឱកាសដល់យុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន ពិសេសជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជនឱ្យមានភាពពេញលេញ ទាំងផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិនជីវិតដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
ដោយ ឆាយ ម៉ុត





