ឯកឧត្តម សាន វណ្ណទី ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី
AKP ព្រះវិហារ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅសាលប្រជុំធំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាពឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិកាប្រចាំការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៨ មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្សា និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍អបអរសាទរចំពោះលោក មឿន សុភេទ ដែលត្រូវបានថ្នាក់ដឹកនាំគាំទ្រ ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនាពេលនេះ និងបង្ហាញភាពជឿជាក់ថា លោកប្រធានមន្ទីរបរិស្ថានថ្មីនឹងបន្តធ្វើការងារដោយកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ខេត្តព្រះវិហារ។


ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវបន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីដឹកនាំការងារបរិស្ថានខេត្ត ដោយផ្តោតសំខាន់លើកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ការអនុវត្តក្រមបរិស្ថាន ការអនុវត្តយុទ្ធសាស្ត្រ ដែលមានមុំបី «ភាពស្អាត បៃតង និងចីរភាព» ដែលត្រូវបំបែកជាផែនការ សកម្មភាព ជំរុញការងារឌីជីថល អនុវត្តបច្ចេកវិជ្ជាឌីជីថល ជាពិសេសការសាមគ្គីការងារ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត។ ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន សម្រាប់មាតុភូមិយើងទាំងអស់គ្នា។

សូមជម្រាបជូនថា លោក មឿន សុភេទ ត្រូវបានប្រកាសតែងតាំងឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី ជំនួសលោក សុង ច័ន្ទសុជាតិ ដែលត្រូវបានទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន៕
ដោយ ទិត ស្រ៊





