ឧត្តមសេនីយ៍ទោ សោម ស៊ុន បង្ហាញអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជននៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំង ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពងធំ ឡើងធ្វើបទអន្តរាគមន៍ស្តីពីការគ្រប់គ្រង និងបម្រើអតីតយុទ្ធជននៅខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមអតីតយុទ្ធកម្ពុជាស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីការគ្រប់គ្រងអតីតយុទ្ធជន ដោយបានបង្ហាញពីរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការគ្រប់គ្រងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន បានច្បាស់លាស់ត្រឹមត្រូវ និងបានធ្វើសកម្មភាពបម្រើក្រុមគ្រួសារអតីតយុទ្ធជន ដែលលំបាកខ្វះខាតមានដី តែគ្មានផ្ទះ និងមានផ្ទះរស់នៅមិនសមរម្យ ដោយបានសាងសង់ផ្ទះស្នាក់នៅជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បានចំនួន២៤៦ខ្នងផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ជាមួយគ្នានេះដែរ បានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីការគ្រប់គ្រងដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូនដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ បានចំនួន២០៦ខ្នងផ្ទះរួចហើយ និងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុង០១គ្រួសារពី១ហិកតា ទៅ១ហិកតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក៏បានបញ្ជាក់ជូនផងដែរអំពីការបើកប្រាក់បេឡាមរណសង្គ្រោះ និងការបើកប្រាក់ធានារ៉ាប់រងសង្គមជូនក្រុមគ្រួសារអតីតយុទ្ធជនបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម បានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធគ្រប់ថ្នាក់នៅខេត្តកំពង់ធំ ដែលបានលះបង់កម្លាំងកាយចិត្ត និងមធ្យោបាយ សម្ភារ ថវិកា ក្នុងការបម្រើអតីតយុទ្ធជន នៅខេត្តកំពង់ធំ បានល្អប្រសើរ និងបានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀត ក្នុងការបម្រើបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ និងបន្តរៀបចំដីសម្បទានសង្គមកកិច្ច ដើម្បីបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនយើងដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ ដើម្បីរៀបចំភូមិអតីតយុទ្ធជនរបស់យើង នៅស្រុកសន្ទុក ដោយមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធដែលជាការគិតគូរខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងការបម្រើអតីតយុទ្ធជនយើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





